ព័ត៌មានសេដ្ឋកិច្ច

ចុងឆ្នាំនេះ រោងចក្រផលិតឥដ្ឋស៊ីម៉ងត៍ តម្លៃជាង ៣លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជា

ក្រុមហ៊ុន Chhor Bunsam និងក្រុមហ៊ុនផលិតឥដ្ឋស៊ីម៉ងត៍ Plattard របស់ប្រទេសបារាំង បានសហការគ្នាបោះទុនប្រមាណ ៣លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតឥដ្ឋស៊ីម៉ងត៍ និងសម្ភារសំណង់នៅកម្ពុជា ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក Edouard Plattard អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Plattard បានឲ្យដឹងថា ការសម្រេចចិត្តចាប់ដៃគូវិនិយោគ និងបើករោងចក្រនៅកម្ពុជានេះ គឺដោយសារការមើលឃើញពី សក្តានុពលលើវិស័យសំណង់នៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសការផ្គត់ផ្គង់សម្ភារសំណង់ នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅឡើយ។

ការបង្កើតរោងចក្រនៅកម្ពុជានេះ ក្រុមហ៊ុន នឹងផលិតសម្ភារសំណង់ សម្រាប់ផ្គត់ផ្គង់ការសាងសង់សំណង់អគារ ដែលមានស្តង់ដារខ្ពស់មកពី ប្រទេសបារាំង។

លោក ឈរ ប៊ុនសាម នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chhor Bunsam បានឲ្យដឹងដែរថា ក្រុមហ៊ុននឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយមិននាំចូលពីក្រៅប្រទេសនោះទេ ដើម្បីលើកកម្ពស់គុណភាព និងការប្រកួតប្រជែងក្នុងប្រទេស។

ក្រុមហ៊ុន ក៏បានអះអាងដែរថា ការចែកចាយ និងផ្គត់ផ្គង់ គឺសម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ មិនមានការនាំចេញទៅទីផ្សារក្រៅប្រទេសនោះទេ ជាពិសេសគឺ សហការជាមួយក្រសួងរៀបចំដែនដី ក្នុងការផ្គត់ផ្គង់ការសាងសង់លំនៅដ្ឋានតម្លៃទាប និងមធ្យម។

គួរជម្រាបដែរថា ក្រុមហ៊ុនថ្មីនេះ នឹងផលិតឥដ្ឋស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ អាចឆ្លើយតបទៅនឹងការសាងសង់អគារខ្ពស់ៗ ធំៗ ជាពិសេសគឺមានតម្លៃសមរម្យ ថោកជាងតម្លៃឥដ្ឋលក់នៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្នផងដែរ៕

មតិយោបល់