ស្ថិតនៅលើផ្លូវសិល្បៈ និងជំនាញខុសគ្នា តែគេកត់សម្គាល់ថាតារាសម្ដែង និងតារាចម្រៀង២រូបគឺលោក ឈួន ពន្លឺ និងលោកឃីងសាន់ បានក្លាយជាពិធីករវិទ្យុដូចគ្នានៅក្រោមដំបូលតែមួយ ដោយអ្នកទាំង២បានប្រកាសពីជំហរឈោងចាប់អាជីពថ្មីនេះឲ្យបានជាប់លាប់នោះផង ក្នុងពេលការងារវិទ្យុមិនមែនជាចំណូលចិត្តរបស់តារាភាគច្រើនចង់ចាប់ ជាពិសេសអ្នកជោគជ័យជាបណ្ដើរៗទៅហើយនៅក្នុងសិល្បៈនោះ។ តារាទាំង២ត្រូវគេឃើញរំលេចកម្មវិធីប្រកួតប្រជែងគ្នាក្នុងវិទ្យុ ដើម្បីបង្អួតស្នាដៃ បន្ថែមពីលើការងារសម្ដែង និងចម្រៀងដែលមានទីផ្សារនោះផង។
លោកឈួន ពន្លឺ ដែលត្រូវគេស្គាល់ថាម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំកម្មវិធីស្ពានលេខ១១របស់ប៉ុស្ដិ៍អប្សរា បានអះអាងថាបើនិយាយពីពេលវេលាទំនេរគឺលោកមិនសូវមានពេលនោះទេដោយសារតែក្នុងពេលនេះ លោកទើបតែបានទទួលឱកាសសម្ដែងក្នុងរឿង«កូនពង់កេងកង»របស់លោកហ្វៃ សំអាង ដែលគ្រោងចេញថតយ៉ាងពិសេសអោយប៉ុស្ដិ៍ហង្សមាស។ ថ្វីដ្បិតថាក្នុងរឿងនោះលោកហ្វៃ សំអាង ឲ្យលោកសម្ដែងមិនច្រើនប្លង់ដូចគ្នានឹងតួអង្គធំៗភាគច្រើន តែលោកថាប្លង់ដែលបានបំបែកឲ្យលោកសម្ដែងនោះបានជួយឲ្យលោក រំពឹងច្រើនថានឹងជួយឲ្យលោកមានការទទួលស្គាល់។ ក្នុងនោះឱកាសសម្ដែង និងការដើរម៉ូដផ្សេងៗលោកក៏មានការទាក់ទងជាហូរហែរផងដែរ ជាពិសេសចាប់តាំងពីបានលេចធ្លោរ និងមានសកម្មភាពច្រើនជាមួយគ្រួសារតារាកម្ពុជានាពេលចុងក្រោយ។
យ៉ាងណាមិញ លោកថាខ្លួនខ្វះបច្ចេកទេសបញ្ចេញវោហារសព្ទ និងចង់ឈោងចាប់អាជីពពិធីករឲ្យបានច្បាស់លាស់ ទើបសម្រេចចិត្តទទួលធ្វើការងារនិយាយវិទ្យុដោយលោកយល់ថាបើធ្នឹកនឹងការងារនេះ គឺនឹងធ្វើឲ្យលោកសម្បូរវោហារសព្ទដោយមិនពិបាក។ ប្រមាណជាជិតកន្លះខែមកហើយ ដែលលោកត្រូវបានម្ចាស់វិទ្យុឌីភីផ្ដល់ឱកាសឲ្យកាន់កម្មវិធីបន្តផ្ទាល់ ដោយកម្មវិធីរបស់លោកគឺផ្ដោតលើការសំណូមពរបទចម្រៀងនៅពេលរាត្រីចាប់ពីម៉ោង៨យប់ដល់ម៉ោង១០យប់ និងគ្រោងចេញមុខក្នុងកម្មវិធីថ្មីទៀតប្រសិនបើលោកមានពេល។ លោកថាការងាររថ្មីរបស់ខ្លួន បានជួយឲ្យលោកចេះនិយាយ និងមានវោហារសព្ទច្រើនជាងមុន ទើបលោកប្រកាសថានឹងធ្វើការងារមួយនេះឲ្យធ្នឹកទើបសម្រេចចិត្តដោះដូរ។
មិនខុសគ្នាដែរលោកឃីងសាន់ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងរបស់ផលិតកម្មឌីភី ក៏បានវិវត្តន៍ខ្លួនក្លាយជាអ្នកនិយាយក្នុងវិទ្យុនេះដូចគ្នាផងដែរ។ នៅក្នុងកម្មវិធីខារ៉ាអូខេពេលថ្ងៃត្រង់ និងកម្មវិធីមួយចំនួនទៀត គេតែងកត់សម្គាល់ឮសំឡេងតារាចម្រៀងរូបនេះដោយសំនៀងក្នុងការបញ្ចេញវោហារសព្ទរបស់លោកគឺមិនចាញ់អ្នកនិយាយវិទ្យុអាជីពនោះទេ បើទោះជាលោកទើបតែបានទទួលការងារប្រមាណជាជាង១ខែមិនទាន់ស្រួលបួល។ លោកបានប្រើឈ្មោះពិតថា សុភ័ក្រ្ត ដោយគ្រប់កម្មវិធីដែលលោកបញ្ចេញសំឡេងពេលខ្លះស្ដាប់មិនដឹងថាជាសំឡេងដើមរបស់តារាចម្រៀងវ័យ២០ឆ្នាំរូបនេះផង ជាពិសេសក្នុងពេលដែលលោកអាចនិយាយទាក់ទាញអ្នកខលចូលបានល្អ ហើយអាចច្រៀងឆ្លើយឆ្លងនូវគ្រប់ប្រភេទបទបែបបុរាណបានពីរោះ។
លោកឃីងសាន់ និយាយថា ក្រោយមានឱកាសទទួលការងារជាអ្នកនិយាយវិទ្យុលោកកាន់តែធ្នឹកក្នុងការបញ្ចេញវោហារសព្ទ ហើយលោកក៏ស្រឡាញ់អាជីពថ្មីនេះច្រើនដែរ។ យ៉ាងណាមិញ លោកថាខ្លួននៅតែចាត់ទុកថាអាជីពចម្រៀង និងការទទួលថតរបស់ខ្លួនជាការងារស្នូល បើទោះជាក្នុងពេលនេះលោកហាក់ងាកមកនិយាយវិទ្យុច្រើនជាងទទួលច្រៀង និងសម្ដែងដោយសារតែខែធ្លាក់ភ្លៀង។ មកទល់ពេលនេះលោកមិនទាន់មានបទថ្មីវាយលុកបន្ថែមនោះទេ ក្រោយពីចេញបាន២បទជារបស់ខ្លួនបង្អួតមហាជនជនហើយមានការទទួលការស្គាល់៕
មតិយោបល់