អាមេរិកៈ មេដឹកនាំព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានពន្យារពេលបោះឆ្នោត ដោយសារមានបញ្ហាប្រឈម នៅក្នុងការលុបចោលច្បាប់ថែទាំសុខភាព ដ៏សំខាន់នៅក្នុងប្រទេស បន្ទាប់ពីការវិភាគឯករាជ្យបង្ហាញថា មនុស្ស២២លាននាក់ នឹងត្រូវបាត់បង់ប័ណ្ណធានារ៉ាប់រងសុខភាពរបស់ពួកគេ នៅទសវត្សរ៍ក្រោយ ប្រសិនបើសំណើច្បាប់នេះ ត្រូវបានគេអនុម័ត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧។
ក្រោយពីតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋមួយចំនួននិយាយថា ពួកគេនឹងមិនបោះឆ្នោត ដើម្បីធ្វើការដេញដោលពិភាក្សាទៅលើសំណើរបស់គណបក្សទេ ជាហេតុបង្ខំឲ្យលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា បាននិយាយថា លោកនឹងពន្យារពេលបោះឆ្នោត ដែលបានគ្រោងទុកក្នុងសប្តាហ៍នេះ រហូតក្រោយបុណ្យឯករាជ្យថ្ងៃទី៤ ខែកក្កដា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកប្រឆាំងនឹងការកែប្រែច្បាប់ថែទាំសុខភាព បានលើកទ្បើងថា ផែនការរបស់គណបក្សសាធារណរដ្ឋ អាចនឹងប៉ះពាល់ដល់ពលរដ្ឋអាមេរិកក្រីក្រជាច្រើន។
គួរបញ្ជាក់ដែរថា ច្បាប់ថែទាំសុខភាព Obamacare ដ៏ល្បីល្បាញ ដែលមានអាយុកាល៧ឆ្នាំ ត្រូវបានគេស្គាល់ថា ជាកេរតំណែលរបស់អតីតប្រធានាធិបតី លោកបារ៉ាក់ អូបាម៉ា៕
មតិយោបល់