ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាមួយក្រុមប្រកាសចុះជួយគ្រួសារក្រីក្រមួយនៅបាត់ដំបង

ភ្នំពេញ: នៅថ្ងៃពុធ ទី២៥ឧសភាស្អែកនេះ តារាចម្រៀង តារាសម្ដែង និងផលិតករមួយក្រុមបានអះអាងថា ខ្លួននឹងចុះជួយជីកស្រះ និងផ្ដល់ជំនួយដោយផ្ទាល់ដល់គ្រួសារមួយស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីកត់សម្គាល់ឃើញថា មានជីវភាពគួរឲ្យសង្វេគបំផុត។ នេះជាការជួបជុំរបស់តារាសិល្ប:ក្នុងទ្រង់ទ្រាយធំមួយ ដែលក្រៅពីផ្ដល់ជាថវិកាក្នុងការជីកស្រះ ក៏ប្រកាសថានឹងជួយកាប់គាស់ដីចម្ការនៅជុំវិញផ្ទះរបស់គ្រួសារនោះ ដើម្បីឲ្យមានលទ្ធភាពបានដាំដំណាំនៅពេលមានទឹកក្រោយពីការជីកស្រះផងដែរ។

កញ្ញា ដួង ម៉ានិច តំណាងមូលនិធិនៃក្ដីអាណិតអាសូបានប្រាប់ Postnews ថា ដោយមានកិច្ចសហការរវាងតារាសិល្ប:ច្រើននាក់ មូលនិធិមួយនេះ ក៏ត្រូវបង្កើតឡើង ដោយការងារចម្បងរបស់ក្រុមនាង គឺប្រឹងស្វះស្វែងរកប្រាក់ពីគ្រប់ទិសទីចុះជួយដល់ទុរគតជន។ អ៊ីចឹងហើយ ទើបក្រុមតារាដែលផ្ដើមបង្កើតឲ្យមាននូវមូលនិធិនេះឡើង សម្រេចធ្វើដំណើរទៅកាន់ស្រុកគាស់ក្រឡក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២៥ ឧសភាស្អែក ទៅចាត់ចែងជីកស្រះទឹក និងទិញចបបង្គីជាដើម ទៅជួយកាប់ដីដែលបានហួតហែងមិនអាចដាំដំណាំបាន ដើម្បីឲ្យគ្រួសារដែលមានកម្រិតរស់នៅយ៉ាងលំបាកវេទនានោះអាចដាំដំណាំំបាននៅពេលជីកស្រះបានទឹក។ នាងថា គ្រួសារដែលក្រុមរបស់នាងសម្រេចចិត្តធ្វើដំណើរតាំងពីភ្នំពេញទៅជួយដល់បាត់ដំបងនោះ គឺរស់នៅដាច់ស្រាលពីភូមិគេឯងមិនខុសពីនៅក្នុងព្រៃនោះទេ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារមួយនេះកាន់តែក្រលំបាកទ្វេដងនៅពេលដីស្រែប្រេះក្រហែង ហើយសួម្បីទឹកហូបក៏អត់មានប្រើ។ ក្រុមនាងសម្រេចចិត្តចុះទៅជីកស្រះឲ្យ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ១ពាន់ដុល្លារ បន្ទាប់ពីបានចុះទៅមើលម្ដងហើយ ហើយត្រូវជាងបញ្ជាក់ថា បើទោះជាជីកជាអណ្ដូងក៏មិនអាចមានទឹក។

ដួង ម៉ានិច បញ្ជាក់ថា ក្រុមមនុស្សធម៌ដែលកើតចេញពីតារាសិល្ប:ជាច្រើននេះ ទើបតែមានកំណើតឡើងប្រមាណ៣ខែចុងក្រោយប៉ុណ្ណោះ ប៉ុន្តែបានធ្វើសកម្មភាពចុះជួយដល់ទុរគតជនបែបច្រើនលើកមកហើយ បើទោះជាគម្រោងចុះជួយជីកស្រះសម្រាប់ថ្ងៃស្អែកគឺជាគម្រោងធំលើកដំបូង។ នាងថា តារាសិល្ប: និងផលិតប្រមាណជាង១០រូបនឹងចេញដំណើរពីភ្នំពេញទៅកាន់ស្រុកគាស់ក្រឡ ដែលជាទីតាំងគោលដៅនៅព្រឹកព្រលឹមថ្ងៃទី២៥ឧសភា ដោយក្រៅពីចាត់ចែងឲ្យជាងជីកស្រះ ក្រុមតារាក៏ចែកផែនគ្នាគាប់ដី និងដាំដំណាំជូនដល់គ្រួសារមួយនោះមុនពេលត្រលប់មកវិញផងដែរ។

នាងនិយាយបន្តថា«គ្រួសារកម្សត់ហ្នឹងខ្ញុំអត់ស្គាល់ទេ ប៉ុន្តែបានអ្នកគ្រួឌី សាវ៉េត គាត់ប្រាប់ ទើបពួកខ្ញុំចុះទៅមើលហើយឃើញថាគ្រួសារគាត់ពិបាកមែន គឺសូម្បីតែផ្ទះក៏នៅកណ្ដាលព្រៃ ទឹកក៏អត់មានប្រើ ហើយវេទនាដែលអាចនិយាយបានពិបាករស់នៅពេលដែលចង់ដាំដំណាំក៏រកទឹកគ្មាននោះ អញ្ចឹងហើយទើបពួកខ្ញុំគ្រាន់តែស្វះស្វែងរកបានប្រាក់មួយចំនួនភ្លាមក៏ចុះជួយជីកស្រះតែម្ដងនៅថ្ងៃស្អែកហ្នឹង!»។

តារាដែលនឹងធ្វើដំណើរទៅខេត្តបាត់ដំបងនៅក្នុងគម្រោងនេះ ត្រូវនាងប្រាប់ថារួមមានរូបនាង លោកអាន គុណកូឡា លោកយឹម សម្បត្តិ និងតារាសិល្ប:ជាច្រើនរូបទៀត ដែលសុទ្ធតែជាសមាជិក និងជាស្ថាបនិករបស់មូលនិធិ និងមានការងារជាសិល្បករ និងផលិតជាផលិតករ។ នាងថាគម្រោងចុះទៅនោះ គឺបន្ទាប់ពីមានលោកឧកញ៉ាម្នាក់ផ្ដល់ជំនួយ១ពាន់ដុល្លារសម្រាប់ជីកស្រះ និងមានតារាសិល្ប:ជាច្រើន ដូចជាតារាកំប្លែងនាងខ្ញុង នាយក្រាន់ និងនាងអ៊ីតជាដើម ក៏ផ្ដល់ថវិកាជំនួយ បើទោះជាពួកគេមិនបានទៅចូលដោយផ្ទាល់នៅថ្ងៃស្អែក៕

photo_2016-05-24_12-21-55 photo_2016-05-24_12-21-53 photo_2016-05-24_12-21-50 photo_2016-05-24_12-21-48 photo_2016-05-24_12-21-47 photo_2016-05-24_12-21-51 photo_2016-05-24_12-21-44 photo_2016-05-24_12-21-42 photo_2016-05-24_12-21-41

មតិយោបល់