នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ តារាសម្ដែងអ្នកនាង ភិន សុដាលីស បានចាកចេញទៅកាន់សហរដ្ឋអាមេរិក ដោយមានលោកអ៉ិន ជាឪពុកជូនដំណើរផង។ នេះមិនមែនជាដំណើរដើរកម្សាន្តដូចដែលនាងធ្លាប់បានចេញទៅមុនៗនោះទេ ដោយឪពុកនាងប្រាប់ថាគឺដើម្បីទៅបំពេញការងារពាក់ព័ន្ធនឹងអាជីពប៉ុណ្ណោះ។
លោកអ៉ិន បានថ្លែងបញ្ជាក់ក្រោយពីជូនដំណើរកូនស្រីចេញទៅអាមេរិកថា អ្នកមេម៉ាយកូនមួយ ភិន សុដាលីស មិនមែនចេញទៅអាមេរិកដើម្បីដើរកម្សាន្តដូចមុននោះទេ គឺនាងចេញទៅលើកនេះក្នុងគម្រោងទៅបំប៉នជំនាញឌីហ្សាញរបស់នាងដែលរៀនជិតចប់ជាមួយនឹងក្រុមអ្នកឌីហ្សាញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងអាមេរិកបានផ្ដល់សិទ្ធិអោយនាងចេញទៅបំប៉នជំនាញមួយនេះរយៈពេលកន្លះខែ។ លោកថាភិន សុដាលីស គឺជានិស្សិតឆ្នាំទី៤ជិតបញ្ចប់ឆ្នាំនៅក្នុងសកលវិទ្យាល័យលីមកុកវីង ផ្នែក Professional Design ហើយដោយសារតែនាងក៏ជាតួសម្ដែង និងជាផលិតករដែលមានស្នាដៃផង ទើបត្រូវបានសាលាសម្រេចអោយនាងចេញទៅបំប៉នផ្នែកឌីហ្សាញកុន និងការងារពាក់ព័ន្ធនឹងការសិក្សាមួយចំនួនទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិកពេលនេះ។ លោកថាគម្រោងដែលនាងចេញទៅ គឺពាក់ព័ន្ធនឹងការផលិតភាពយន្តភាគច្រើន ដោយសារតែខាងអ្នករៀបចំវគ្គខ្លីនៅលើទឹកដីអាមេរិក គេគ្រោងបណ្ដុះបណ្ដាលអោយនាងមានការយល់ដឹងកាន់តេច្បាស់ថាថាការតែងមុខ និងការឌីហ្សាញផ្ទៃរឿងតើគួរតែរៀបចំបែបណាដើម្បីអោយត្រូវនឹងសាច់រឿង និងមានភាពទាក់ទាញនៅពេលផលិតចេញជាខ្សែភាពយន្ត។
លោកថាភិន សុដាលីស បានសម្ងំរៀនផ្នែកឌីហ្សាញប្រមាណជាង៣ឆ្នាំមកហើយ ដោយសល់តែមួយឆមាសទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ទើបនាងត្រូវមមាញឹកច្រើនក្នុងការទទួលការបំប៉នក្រៅសាលាទាំំងនៅក្នុងស្រុក និងត្រូវចេញទៅបណ្ដុះបន្ថែមនៅលើទឹកដីសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗផងតាមការចាត់ចែងរបស់សាលា ដើម្បីអោយទេពកោសល្យខាងផ្នែកឌីហ្សាញរបស់នាងកាន់តែមានថ្វីដៃ។ លោកថាភិន សុដាលីស ចាកចេញទៅរៀននៅក្នុងទឹកដីសហរដ្ឋអាមេរិកពេលនេះ គឺទៅក្នុងនាមជានិសិ្សតរបស់សាលាលីមកុកវីងផង និងទៅក្នុងនាមជាអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មមហាហង្សផង អ៊ីចឹងហើយទើបនាងក្រៅពីត្រូវសិក្សាវគ្គខ្លី ក៏នឹងត្រូវជួបជជែកជាមួយផលិតកុននៅលើទឹកដីអាមេរិក ជាពិសេសគឺផលិតកររបស់ហូលីវូដតាមការរៀបចំរបស់អ្នករៀបចំកម្មវិធី ដើម្បីទទួលបានបទពិសោធន៍អោយកាន់តែច្រើនក្នុងការផលិតកុន។ លោកបង្ហាញមោទនភាពយ៉ាងខ្លាំង ដែលកូនស្រីរបស់ខ្លួន ក្រោយការទទួលព្យុះភ្លៀងហើយក៏អាចក្រោកឈរ ដោយសារតែនាងកាន់តែមានសមត្ថភាពច្រើនឡើងក្នុងការដឹកនាំផលិតកម្មមហាហង្សអោយមានសន្ទុះឈានឡើង ជាពិសេសគឺទេពកោសល្យឌីហ្សាញប្លង់កុន ដែលធ្វើអោយភាពយន្តដែលបានផលិតឡើងដោយផលិតកម្មមហាហង្សកាន់តែទទួលបានការគាំទ្រ។
លោកមិនច្បាស់ពីថ្ងៃដែលកូនស្រីត្រូវវិលវិញអោយប្រាកដនោះទេ ដោយសារតែលោកបញ្ជាក់ថានាងអាចពន្យាពេលបើការសិក្សាវគ្គខ្លីពីជំនាញឌីហ្សាញត្រូវបានបញ្ចប់ហើយ ហើយមានការអូសបន្លាយពេលវេលាអោយ ភិន សុដាលីស ជួបការងារជាមួយផលិតករកុនលើសកំណត់។ យ៉ាងណាមិញ លោកថាកូនស្រីនឹងប្រញាប់វិលវិញ ហើយមិនអាចទៅអាមេរិកលើសពីកន្លះខែបានទេ ដោយសារតែនាងក៏មិនអាចដើរចូលកូនស្រីយូរ ហើយការងារនៅក្នុងផលិតកម្មក៏មានភារៈមិនតិចដើម្បីអោយនាងចាត់ចែង។ លោកថា ភិន សុដាលីស ត្រូវបានបណ្ដុះអោយក្លាយជាអ្នកឌីហ្សាញ និងជាអ្នកគូសប្លង់សម្រាប់ភាពយន្តយ៉ាងជំនាញម្នាក់ក្នុងពេលបន្ទាប់ ដោយសារតែលោកចង់អោយនាងជំនួសដៃជើងអោយពេញដៃតែម្ដងទៅថ្ងៃអនាគត៕
មតិយោបល់