ក្រុមហ៊ុន Apple បានចេញមុខទទួលស្គាល់ថា ពិតជាមានករណីសិស្សធ្វើការលើសម៉ោងកំណត់ដោយច្បាប់ការងារនៅឯរោងចក្រ Foxconn ដើម្បីផលិតចេញ iPhone X មែន។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ CultoMac ចុះផ្សាយនៅថ្ងៃអង្គារ៍ម្សិលមិញ។
គេហទំព័រដដែលបានរាយការណ៍ដោយស្រង់ប្រភពពីកាសែត Financial Times បន្ថែមថា មានសិស្សវិទ្យាល័យចំនួន ៦ នាក់ អាយុចន្លោះពី ១៧ ទៅ ១៩ ឆ្នាំ កំពុងធ្វើការ ១១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីដំឡើង iPhone X នៅឯរោងចក្រ Foxconn មួយ នាទីក្រុង Zhengzhou ប្រទេសចិន។
សិស្សម្នាក់ក្នុងចំណោមពួកគេទាំង ៦ បាននិយាយថា «យើងកំពុងត្រូវបានបង្ខំដោយសាលារបស់យើងឱ្យមកធ្វើការនៅទីនេះ»។ សិស្សស្រីម្នាក់នោះបានបន្ថែមថា អំឡុងពេលធ្វើការនៅ Foxconn នាងដំឡើងកាមេរ៉ា iPhone X ចំនួន ១,២០០ គ្រឿងក្នុងមួយថ្ងៃ។
ក្រុមហ៊ុន Foxconn សារភាពថា សិស្សទាំងនោះពិតជាធ្វើការថែមម៉ោងលើសពី ៤០ ម៉ោងក្នុងមួយសប្តាហ៍ ខុសពីគោលការក្រុមហ៊ុនមែន ខណៈពួកគេទំនេរពីការសិក្សា និងត្រូវបានផ្តល់ប្រាក់ឈ្នួលសម្រាប់ការងាររបស់ពួកគេក្នុងនាមជាអ្នកស្ម័គ្រចិត្ត។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុន Apple បានបើកការស៊ើបអង្កេតដោយផ្ទាល់ និងបានរកឃើញថា មានករណីសិស្សហាត់ការកំពុងធ្វើការថែមម៉ោងខុសច្បាប់នៅរោងចក្រអ្នកផ្គត់ផ្គង់ iPhone របស់ខ្លួនមួយ ក្នុងប្រទេសចិន។
គួរបញ្ជាក់ថា នៅអំឡុងពេលដ៏មមាញឹករៀងរាល់ឆ្នាំដែល iPhone ស៊េរីថ្មីចេញ Foxconn ត្រូវគេរាយការណ៍ថា អាចជួលមនុស្ស ៣០០,០០០ នាក់ ឱ្យធ្វើការដំឡើង iPhone ឱ្យបានចំនួនកំណត់ ២០,០០០ គ្រឿងក្នុងមួយថ្ងៃ។
គួររំឭកថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងទៅនេះ ចង្វាក់ផលិតកម្មទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានរងការរិះគន់ថាមានការរំលោភបំពានច្បាប់ការងារ ដោយការបង្ខំកម្មករនិយោជិកឱ្យធ្វើការលើសម៉ោងកំណត់ និងជួលមនុស្សក្រោមអាយុឱ្យចូលធ្វើការជាដើម។ ឆ្លើយតបទៅនឹងបញ្ហានេះ Apple ក៏បានបើកការស៊ើបអង្កេត និងចាត់វិធានការដោះស្រាយបានជាបន្តបន្ទាប់រហូតដល់ ៩៥% ផងដែរ៕
ប្រភពព័ត៌មានៈ cultomac
មតិយោបល់