ព័ត៌មានសិល្បៈ និងកម្សាន្ត

អេឡិច ចន្ត្រា មិននឹកស្មានថា ថ្ងៃខួបរបស់ខ្លួន រញ្ជួលចិត្តដល់ម្លឹង!

ជារៀងរាល់ឆ្នាំតារាចម្រៀងសាច់សខ្ចី លោកអេឡិច ចន្ត្រា រមែងចំណាយលុយរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធ័ម ដើម្បីយកវេទិកាថ្ងៃកំណើតរបស់ខ្លួនធ្វើជាបរិយាកាសជួបមិត្តភក្តិ និងសិល្បករ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ លោកអះអាងថាមិនមានការរៀបចំនោះទេ ដោយសារតែរវល់ខ្លាំង និងមិនចង់រំខានភ្ញៀវដែលមានកម្មវិធីស្កេកស្កះណែនដៃរាងខ្លួន។ យ៉ាងណាមិញ លោកថាពិធីខួបកំណើតឆ្នាំនេះ គឺរំភើបជាងរាល់ឆ្នាំឆ្ងាយណាស់ដោយសារតែមានមិត្តភក្តិធ្វើអោយ ហើយធ្វើអោយលោករំភើបសឹងតែស្រក់ទឹកភ្នែក។

នៅលើគណនីយហ្វេសប៊ុក លោក អេឡិច ចន្ត្រា បានអះអាងថា គ្មានអ្វីរំភើបចិត្តជាងមានមិត្តល្អ រៀបចំពិធីខួបកំណើតអោយយ៉ាងអធឹកអធ័មនោះទេ ដោយការរៀបចំរបស់មិត្តភក្តិត្រូវបានរៀបចំនៅក្នុងហាងទំនើប ដោយមានសុទ្ធសឹងតែមិត្តភក្តិជិតស្និទ្ធិរៀបចំអោយទាំងលោកមិនដឹងខ្លួននោះផង។

លោកថាពិធីនោះបានរៀបចំកាលពីថ្ងៃទី១២ ខែធ្នូ គឺមុនថ្ងៃកំណើតរបស់លោកពិតប្រាកដ១ថ្ងៃ ហើយលោកនៅតែចងចាំនូវរូបភាពពន់ញាក់អារម្មណ៍ក្នុងថ្ងៃរៀបចំនោះ ដោយសារតែពេលលោកទៅដល់ពិធី ទើបដឹងថាជាពិធីខួបកំណើតរបស់ខ្លួន ហើយក៏មិននឹកស្មានថាមិត្តភក្តិជិតស្និទ្ធិរបស់លោកភាគច្រើនបង្ហាញខ្លួននៅក្នុងពិធីនោះ។ លោកថាទិដ្ឋភាពបែបនេះ ដ្បិតថាមិនមែនជាលើកទី១របស់ខ្លួន ប៉ុន្តែលោកនៅតែចាត់ទុកថាការរៀបចំរបស់មិត្តភក្តិជំនិតរបស់លោកកាលពីថ្ងៃទី១២ ខែ១២នោះ គឺជាការរៀបចំមួយដែលធ្វើអោយលោករំភើបចង់ស្រក់ទឹកភ្នែក ជាពិសេសគឺមិននឹកស្មានថាមិត្តភក្តិរបស់លោកស្រឡាញ់រាប់អាន និងយកចិត្តទុកដាក់ចំពោះលោកដល់ម្លឹង។

លោកអះអាងថាថ្ងៃកំណើតឆ្នាំនេះ លោកមិនមានគម្រោងរៀបចំពិធីជួបជុំណាមួយនោះទេ ដោយសារតែលោករវល់នឹងមុខជំនួញទទួលរៀបចំពិធីករមង្គលការតូចធំ ហើយគ្មានពេលគិតគូ និងគ្មានពេលអញ្ជើញភ្ញៀវ ប៉ុន្តែចុងក្រោយលោកនៅតែបានរៀបចំពិធីពិសេសសម្រាប់ថ្ងៃកំណើតរបស់លោកដដែល ដែលការរៀបចំមួយនោះ គឺជាការពន់ញាក់អារម្មណ៍របស់មិត្តភក្តិ ដែលលោកមិនគិតទាល់តែសោះ ថានឹងមានពិធីយ៉ាងពិសេសសម្រាប់ខ្លួននោះ។

លោកអេឡិច ចន្ត្រា នៅតែបង្ហាញអារម្មណ៍រំភើប ដោយបានទាំងផុសរូបសប្បាយៗជាមិត្តភក្តិ ដើម្បីជាការចងចាំដល់ទិដ្ឋភាពនោះនៅលើហ្វេសប៊ុកផង ស្របគ្នាដែលមានអ្នកគាំទ្រមិនតិចនាក់ចូលរួមជូនពរថ្ងៃកំណើត៕

មតិយោបល់