ព័ត៌មានសិល្បៈ និងកម្សាន្ត

៣រូបលេចធ្លោខ្លាំង ក្នុងវគ្គបើកឆាក Cambodian Idol

កម្មវិធី Cambodian Idol រដូវកាលទី៣ ដែលបានដំណើរនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីយប់ថ្ងៃទី១៥ ធ្នូ បានទទួលការចាប់អារម្មណ៍ភ្លាមៗតែម្ដង ដោយសារតែក្នុងចំណោមបេក្ខជនបេក្ខនារីដែលបានបង្ហាញខ្លួនក្នុងសប្ដាហ៍ទី១ សុទ្ធតែមានសមត្ថភាពសម្រាប់អ្នកដែលបានឆ្លងផុតការជ្រើសរើសរបស់គណកម្មការទាំង៤។ យ៉ាងណាមិញ គេកត់សម្គាល់ថាមានបេក្ខជនបេក្ខនារី៣រូប ទទួលបានការចាប់អារម្មណ៍ជាងគេ បន្ទាប់ពីបានបង្ហាញខ្លួន ហើយកត់សម្គាល់ថាមានសមត្ថភាពមិនធម្មតា។

បេក្ខជនបេក្ខនារីទាំង៣នោះរួមមាន

បេក្ខនារី ញឹម សួនសោភាទេពី៖ កញ្ញាត្រូវបានគេស្គាល់ថាជាសមាជិកគ្រួសារតារាកម្ពុជា ដែលមានទឹកដមសំឡេងមិនធម្មតា ខណ:ដែលនាងបានក្លាយជាបេក្ខនារីវ័យក្មេងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគណកម្មការទាំង៤ ដោយទទួលបានYes ចំនួន៤ និងជាបេក្ខនារីដែលមានទឹកដមសំឡេងល្អផ្នែកយុវវ័យ តែមានគ្រឹះផ្នែករបាំបុរាណ និងយីកេ គួរឲ្យសរសើរ។ កញ្ញាបកស្រាយបទចម្រៀងរបស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ហើយទទួលបានការសរសើរ ពិសេសពីលោកព្រាប សុវត្ថិ ដោយសារតែនាងតែបត់បែនសំឡេងរ៉ុកបានល្អ។

បេក្ខជន គ្រី ថៃពៅ៖ បេក្ខជនមកពីខេត្តកំពង់ចាម វ័យ២៥ឆ្នាំរូបនេះ ទទួលបានភាពទាក់ទាញនៅក្នុងកម្មវិធីកាលពីយប់មិញយ៉ាងខ្លាំង ដោយសារតែក្រៅពីបកស្រាយបទចម្រៀងបានពីរោះគឺលោកចេះស្មូត បានយ៉ាងពីរោះជាប់ចិត្តផងដែរ។ លោកត្រូវបានគណកម្មការផ្ដល់ប័ណ្ណមាសឲ្យទៅវគ្គចុងក្រោយ ដោយលោកក៏ជាបេក្ខជនដែលធ្វើឲ្យមហាជនទប់សំណើច និងស្ងើចសរសើរនឹងទេពកោសល្យរបស់លោកមិនតិចនោះដែរ ដោយសារតែលោកចេះត្រាប់តាមសំឡេងសត្វមាន់ បានយ៉ាងចម្លែក។បេក្ខជនរូបនេះត្រូវគេមើលឃើញថាមានសមត្ថភាពមិនធម្មតានោះទេ តាមរយ:សមត្ថភាពទាំងច្រៀង ទាំងស្មូត្រ និងទាំងសមត្ថភាពអាចត្រាប់តាមសត្វមាន់នោះ។

បេក្ខជន ឆន ចាន់វីរ: ក៏ជាបេក្ខជនមួយរូបក្នុងសប្ដាហ៍ទី១ របស់កម្មវិធី Cambodian Idol ដែលទទួលបានការចាប់អារម្មណ៍លេចធ្លោរជាងគេផងដែរ ដោយសារតែលោកគឺជាគ្រូល្បុក្កតោ ដែលត្រូវគេស្គាល់ភាគច្រើនមកហើយ ប៉ុន្តែដល់ពេលទៅប្រលងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ គឺមានទឹកដមសំឡេងមិនធម្មតា។ លោកបានបកស្រាយបទចម្រៀងរបស់លោកខេមរ: សិរីមន្ត ដោយក្រៅពីមានទឹកដមសំឡេងគួរឲ្យសរសើរ លោកក៏មានភាពលេចធ្លោជាងគេ តាមរយ:ការបញ្ចេញក្បាច់គុនយ៉ាងរស់រវើកនៅក្នុងកម្មវិធីនោះផងដែរ។ អ្នកគាំទ្របានសរសើរថាអ្នកទាំង២មានភាពលេចធ្លោ ដោយភាពលេចធ្លោនេះ មិនមែនដោយសារតែមានទឹកដមសំឡេងខ្ពស់ និងមានភាពក្រអួនក្រអៅជាងអ្នកជាប់កាលពីយប់មិញនោះទេ ប៉ុន្តែលេចធ្លោដោយសារទេពកោសល្យពិសេសគឺផ្នែករបាំបុរាណ ចម្រៀងអាយ៉ៃ ស្មូត សំឡេងត្រាប់តាមសត្វមាន់ និងក្បាច់គុន ដែលបេក្ខជនបេក្ខនារីផ្សេងមិនអាចធ្វើដូច៕

មតិយោបល់