បន្ទាប់ពីបានជោគជ័យក្នុងអាជីពជាពិធីករកម្មវិធីតូចធំ ជាពិសសគឺកម្មវិធីវិទ្យុរយៈពេលច្រើនឆ្នាំ ដែលត្រូវបានអ្នកគាំទ្រច្រើនឡើង ស្គាល់តាមរយៈកម្មវិធីខារ៉ាអូខេ លោកថន ណារ៉ុង ដែលក្នុងពេលនេះបានវិវត្តន៍ខ្លួនក្លាយជាជំនួយការកម្មវិធី«ដូច្នឹងផង»របស់ទូរទស្សន៍ថោន បានបញ្ចេញបទចម្រៀង Original Song មួយបទបើកឆាកទំព័រអាជីពចម្រៀងរបស់ខ្លួនគួរអោយភ្ញាក់ផ្អើល ដោយលោកបញ្ជាក់ថាបទចម្រៀងដែលបានបញ្ចេញនេះ គឺជាជំហានរបស់លោក ដើម្បីហក់ចូលផលិតកម្មធំមួយនោះផង។
ក្នុងចំណោមផលិតកម្មធំ២ លោកអះអាងថាខ្លួននឹងសម្រេចចិត្តចូលកុងត្រាជាមួយផលិតកម្មមួយក្នុងពេលឆាប់ៗ ប្រសិនបើផលិតកម្មនោះផ្ដល់លក្ខណ្ឌអោយលោកត្រូវចិត្តបានមុន។
Original Song មួយបទក្រោមចំណងជើងថា«បេះដូងបង ហេតុអ្វីបំភ្លេចអូនមិនបាន» បានធ្វើអោយមានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះទឹកដមសំលេងរបស់ពិធីករសំឡេងផ្អែមលោកថន ណារ៉ុង ដែលគេធ្លាប់តែឮតាមកម្មវិធីវិទ្យុ និងកម្មវិធីបន្តផ្ទាល់នៅលើហ្វេសប៊ុក នៅពេលលោកច្រៀងឆ្លងឆ្លើយជាមួយនឹងប្រិយមិត្ត។ នៅលើបណ្ដាញយូធូប គេឃើញចម្រៀងមួយបទនេះកន្ត្រាក់បានអ្នកស្ដាប់បានច្រើនគួរសម ខណៈដែលលោកក៏ត្រូវបានអ្នកស្ដាប់ជម្រុញអោយចូលច្រៀងនៅក្នុងផលិតកម្មតាមតែអាចធ្វើទៅបាន ដោយសារតែលោកត្រូវបានគេស្គាល់យូរមកហើយថា ជាតារាដែលមានសមត្ថភាពច្រៀងបានគ្រប់ប្រភេទបទទាំងប្រភេទបទយុវវ័យ និងពីដើមបានមិនធម្មតា។ អ្នកស្ដាប់បទចម្រៀង Original Song របស់លោកពិតជាមានអារម្មណ៍លន្លង់លន្លោច ជាពិសេសអ្នកមានស្នេហាស៊ីជម្រៅ អ៉ីចឹងហើយទើបការបញ្ចេញបទផ្ទាល់ខ្លួនរបស់លោកមិនទាន់បានប៉ុន្មានថ្ងៃផង ក៏មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រលេចឡើងដោយមិនប្រើពេលយូរ។
លោកថន ណារ៉ុង បញ្ជាក់ថាការបញ្ចេញបទនិពន្ធថ្មីបើកទំព័រឆ្នាំ២០១៨នេះ មិនមែនគ្រាន់តែដើម្បីចេញលេងៗអោយមានបទចម្រៀងផ្ទាល់ខ្លួននៅលើទីផ្សារប៉ុណ្ណោះ ប៉ុន្តែគឺជាយុទ្ធសាស្រ្តដែលលោកផលិតឡើងដើម្បីស្ទាបស្ទង់ទីផ្សារ ហើយចូលកុងត្រាជាមួយផលិតកម្មធំមួយក្នុងចំណោមផលិតកម្មសាន់ដេ ថោន និងហង្សមាស។ លោកថាខ្លួនមានទំនាក់ទំនងដើម្បីក្លាយជាតារាចម្រៀងអោយផលិតកម្មមួយក្នុងចំណោមផលិតកម្មធំទាំង៣ជាយូរមកហើយ ប៉ុន្តែដោយសារតែខាងផលិតកម្មជំរុញអោយលោកផលិតបទផ្ទាល់ខ្លួនមួយបទ ឬ២បទ ដើម្បីស្ទាបស្ទង់ពីការគាំទ្រសិន ទើបលោកសម្រេចផលិតបទផ្ទាល់ខ្លួន ហើយក៏ឃើញថាទទួលបានការគាំទ្រខ្ពស់តែម្ដងនៅក្នុងបទចម្រៀងបើកឆាក«បេះដូងបង ហេតុអ្វីបំភ្លេចអូនមិនបាន»។
លោកមិនទាន់ដឹងថាក្នុងចំណោមផលិតកម្មធំទាំង៣ តើលោកនឹងបានហក់ចូលកុងត្រានៅក្នុងផលិតកម្មណាមួយនោះទេ ប៉ុន្តែតាមការស្ទាបស្ទង់រវាងផលិតកម្មថោន ដែលលោកស្ថិតនៅជាបុគ្គលិកក្នុងកម្មវិធី«ដូច្នឹងផង»ស្រាប់ និងផលិតកម្មសាន់ដេ ដែលលោកមានទំនាក់ទំនងស្គាល់អ្នកនិពន្ធ និងផលិតករច្រើននោះ គឺនឹងមានមួយមានឱកាសច្រើនជាង។
យ៉ាងណាមិញលោកថា បើទោះជាផលិតកម្មធំទាំង២ដែលលោកបង្ហាញក្ដីរំពឹង មិនទាន់ឈានដល់កុងត្រាទទួលយកលោក ក៏លោកនឹងបញ្ចេញបទចម្រៀងនិពន្ធថ្មីបែបនេះអោយបានកាន់តែច្រើនវាយលុកទីផ្សារ ដើម្បីចាប់អាជីពជាអ្នកចម្រៀងដោយឯករាជ្យក្នុងពេលបន្តបន្ទាប់ផងដែរ ដោយសារតែក្នុងពេលនេះក៏មានក្រុមផលិតបទចម្រៀងផ្ទាល់ខ្លួន និងមានការងារជាអ្នកចម្រៀងតាមអាហ្វែតូចធំរួចទៅហើយ។ លោកបញ្ជាក់ថាខ្លួននឹងចាប់អាជីពចម្រៀងអោយជោគជ័យមួយទៀត បន្ទាប់ពីការងារជាពិធីករកម្មវិធី ជាពិធីករវិទ្យុ និងការងារផលិតកម្មវិធី«ដូច្នឹងផង»ទទួលបានផ្លែផ្កា៕
https://www.youtube.com/watch?v=S_sYsjsi4YU
មតិយោបល់