ក្រុមហ៊ុន Sony Pictures បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា រឿង «The Interview» រកប្រាក់ចំណូលបានជាង ៣១លានដុល្លារអាមេរិក ពីការលក់បញ្ចាំងតាមរោងកុន និងប្រភពផ្សេងដូចជាលក់ និងជួល។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា រឿង «The Interview» រកប្រាក់ចំណូលបាន ៥លានដុល្លារអាមេរិកបានមកពីការដាក់បញ្ចាំងនៅតាមរោងភាពយន្ត ចំណែកក្រៅពីនេះគឺបានមកពីលក់ និងជួល។ សូមរំលឹកផងដែរថា រឿង «The Interview» និយាយពីមេដឹកនាំផ្ដាច់ការវ័យក្មេងកូរ៉េខាងជើង លោក គឹម ជុនអ៊ុន ដោយនៅមុនពេលដាក់បញ្ចាំងក្រុម Hacker បានវាយប្រហារប្រព័ន្ធកុំព្យូទ័រ Sony នឹងគំរាមមិនឲ្យដាក់បញ្ចាំង ប៉ុន្តែ Sony បានសម្រេចចិត្តលើកចុងក្រោយដាក់បញ្ចាំងនៅថ្ងៃទី២៥ខែធ្នូ ជាថ្ងៃបុណ្យណូអែល។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអង្គារម្សិលមិញនេះ លោក Kazuo Hirai នាយកប្រតិបត្តិក្រុមហ៊ុន Sony Corporation ដែលត្រូវជាមេធំរបស់ Sony Pictures បានថ្លែងនៅក្នុងវេទិកា CES 2015 ថា លោកសូមថ្កោលទោសចំពោះទង្វើរបស់ក្រុម Hacker ចំពោះទង្វើ និងការគំរាមកំហែង៕
មតិយោបល់