ព័ត៌មានសិល្បៈ និងកម្សាន្ត

ពាក្យសន្យាមួយម៉ាត់! ឈួន ពន្លឺ ខាតបង់យ៉ាងសន្ធឹកតែម្ដង

មួយរយៈចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងលោក ឈួន ពន្លឺ មិនសូវមានទីផ្សារសម្ដែងនៅក្នុងភាពយន្តនោះទេ បើទោះជាលោកមានឱកាសបានលេចធ្លោរក្នុងរឿង«នរណា Comeback» ក្នុងនាមជាតួចិត្តអាក្រក់ និងត្រូវបានផលិតកម្មក្លាស៊ិកលើកអោយលេចធ្លោរ នៅគ្រប់វេទិកាចុះសម្ពោធរឿងនៅតាមរោងកុនមិនថាក្នុងខេត្ត ឬនៅក្នុងក្រុង។

លោកអះអាងថាដោយសារតែការស្រវាស្រទេញចេញមុខសម្ពោធរឿងតាមខេត្តបានធ្វើអោយលោកជ្រុះបាត់ការងារដែលបានទាក់ទងជាច្រើន រហូតដល់ពេលដែលលោករួចរាល់ការងារទៅវិញ ក៏អត់មានការសម្ដែងតែម្ដង។ លោកទទួលបានតែឱកាសថតឃោសនាដូចជា ឃោសនាផលិតផល ឃោសនាទីតាំងស្ប៉ាសូណា និងថតMV បានតែតិចតួចប៉ុណ្ណោះ ដោយសារជាប់មាត់សន្យា។

លោក ឈួន ពន្លឺ និយាយថាដោយសារតែលោកទទួលសំណើរថាជួយលោក ហ៊ួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក ថានឹងជួយចូលរួមទៅជួបអ្នកគាំទ្រតាមរោងភាពយន្ត និងទៅបង្ហាញខ្លួនគ្រប់ពេកភាពយន្តរឿង«នរណា Comeback » សម្ពោធតាមខេត្តក្រុង ហើយមិនចង់រត់ចោលកណ្ដាលទី និងមិនអោយរឿងមួយនេះ ខ្វះតួសម្ដែងចុះជួយគគ្រឹកគគ្រេង ទើបលោកសុខចិត្តរំសាយគម្រោងទាក់ទងអោយសម្ដែងគ្រប់រឿងក្នុងពេលផលិតករទំនាក់ទំនងអោយលោកទទួលសម្ដែងចំពេលចុះជួយភាពយន្តរឿង”នរណា Comeback”។ បើនិយាយពីការដើរបង្ហាញម៉ូដ លោកថាស្ទើរតែចោលតែម្ដង ដោយសារការងារពចុះឃោសនាភាពយន្តរបស់លោកត្រូវដើរតាមខេត្តច្រើនថ្ងៃ ហើយលោកក៏មិនចង់រលាស់ខ្លួនចោលផលិតកម្មក្លាស៊ិកក្នុងពេលផលិតកម្មកំពុងត្រូវការអោយតួក្នុងរឿងជួយចុះជួបអ្នកគាំទ្រដោយផ្ទាល់។

លោកថាតារាភាគច្រើនដែលបានសម្ដែងក្នុងរឿង «នរណា Comeback» គេទទួលចុះសម្ពោធរឿងតាមខេត្តក្រុង តែពេលទំនេរពីការងារសម្ដែងប៉ុណ្ណោះ តែលោកមកពីមិនចង់អោយម្ចាស់ផលិតកម្មថាលោកបាតដៃខ្នងដៃ ទើបសុខចិត្តចោលតែម្ដង ដោយរឿងដែលទាក់ទងអោយលោកសម្ដែង ក្នុងពេលជាប់គោរពសន្យានេះ គឺមិនក្រោម៣រឿងទេ។

លោកនិយាយថា«ដោយសារជាប់មាត់ជាមួយម្ចាស់ផលិតកម្ម ខ្ញុំចោលការងារចង់អស់ ជាពិសេសការសម្ដែងរឿងភាញដែលគេទាក់ទង»។ មកទល់ពេលនេះលោកថា ស្ទើរតែដេកផ្ទះស្អាត អត់មានការសម្ដែងតែម្ដង ដោយសារតែពេលដែលខាងផលិតករទាក់ទង លោកជាប់ចុះខេត្តជាមួយរឿង”នរណា Comeback” ដល់ពេលរួចដៃ គឺបែរជាស្ងាត់ដូចចោរលួចសេះ។

លោកសម្ដែងអារម្មណ៍សោកស្ដាយឱកាសការងារដែលស្ទុះរត់មកតែក្នុងពេលជាប់មាត់រត់ចោលកណ្ដាលទីអត់បាន ដល់ពេលដែលលោកចង់ទទួលក៏បែរជាបាត់អ្នកទាក់ទង។ លោកមានការព្រួយបារម្ភពីការស្រុតចុះប្រជាប្រិយភាព ដោយបានទាំងចាត់ទុកថា ចាប់តាំងពីបានឈានឡើងទីផ្សារក្រោយពីក្លាយជាតារាសម្ដែងឆ្នើមប្រចាំកម្មវិធី«ស្ពានតារា» របស់ទូរទស្សន៍អប្សរា កាលពីដើមឆ្នាំ២០១៦ និងបន្ទាប់ពីចូលរួមយ៉ាងសកម្មជាមួយនឹងគ្រួសារតារាកម្ពុជា នេះគឺជាពេលវេលាដែលលោកយល់ថាខ្លួនឯងដេកស្អាត។ ធៀបនឹងអំឡុងឆ្នាំមុន លោកថាដើមឆ្នាំ២០១៨ ជាឆ្នាំដែលលោកស្ងប់ស្ងាត់ខុសប្លែក ដោយភាពយន្តភាគក៏ស្ងាត់ទាក់ទងភាពយន្តដុំក៏មានក្នុងកម្រិតតិចជាងមុន បើក្រឡេកទៅមើលរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកប្រកាសទទួលការសម្ដែងអោយពេញទំហឹងជាថ្មី ដើម្បីកុំអោយមានការយល់ច្រឡំថាលោកដកខ្លួនពីសិល្បៈ ដោយក្នុងនោះ លោកប្រកាសទទួលសម្ដែងទាំងរឿងភាគ រឿងដុំ និងការងារពិធីករផងដែរ បន្ទាប់ពីលោកក៏កាន់តែធ្នឹកក្រោយបានធ្វើជាពិធីករវិទ្យុនៅឌីភី។

លោកឈួន ពន្លឺ និយាយថាការគោរពពាក្យសន្យា បានធ្វើអោយលោកបាត់បង់ការសម្ដែងអស់មួយសន្ធឹក ហើយក៏ធ្វើអោយលោកក្លាយជាតារាដេកផ្ទះ បន្ទាប់ពីការចុះជួបអ្នកគាំទ្រក្នុងរឿង”នរណា Comeback” ត្រូវបញ្ចប់យ៉ាងចម្លែកផងដែរ។

យ៉ាងណាមិញលោកថាសប្បាយចិត្ត ដ្បិតក្នុងកាលៈទេសៈខ្លះ ការសំឡឹងឃើញតែលុយខ្លាំងពេកក៏ធ្វើអោយលោកពិបាកទទួលយកផងដែរ ជាពិសសក្នុងពេលម្ចាស់ផលិតកម្មតម្រូវអោយលោកចុះជួយ ហើយលោកសុខចិត្តសំលឹងឃើញតែលុយ ហើយមើលរំលងមនោសញ្ចេតនា។ ដ្បិតថា ក្នុងរយៈពេលស្ងាត់ការសម្ដែង លោមទទួលបានឱកាសថតបង្ហាញម៉ូដ និងថតបទចម្រៀងលេចធ្លោរមួយចំនួន តែលោកនៅតែយល់ថាការងារសិល្បៈរបស់ខ្លួនស្រុតចុះ៕

មតិយោបល់