ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះកាយ ច័ន្ទ និង ឆានី សូ ស្ថិតក្នុងការប្រទាញប្រទង់តំណែងពិធីករ នៅប៉ុស្ដិ៍លេខ៥

រយៈពេល២អាទិត្យមកហើយ ដែលតារាសម្ដែង២ដួង គឺកញ្ញា រ៉ា សូនីតា ហៅព្រះកាយច័ន្ទ និងលោក ឆានី សូ ដែលជាតារាសម្ដែងប្រចាំនៅប៉ុស្ដិ៍លេខ៥ផង ត្រូវគេឃើញកាន់តំណែងជាពិធីករក្នុងកម្មវិធីតន្ត្រីបន្តផ្ទាល់របស់ប៉ុស្ដិ៍លេខ៥ ដែលទើបដំណើរការនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង១១ថ្ងៃត្រង់ ដែលជាកម្មវិធីតន្ត្រីធំប្រចាំសប្ដាហ៍។ តំណែងរបស់អ្នកទាំងពីរបានធ្វើអោយម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង ប៉ុន្តែមន្ត្រីប៉ុស្ដិ៍លេខ៥បានអះអាងថា តារាទាំងពីរមិនទាន់ច្បាស់ថានឹងកាន់តំណេងនេះបានយូរឬយ៉ាងណាឡើយ។

មន្ត្រីជាន់ខ្ពស់នៅប៉ុស្ដិ៍លេខ៥ បានហៅតំណែងរបស់ពិធីករ និងពិធីការិនីទាំំងពីរថាជារឿងសាកល្បង និងស្ទាបស្ទង់ច្រើនជាងជឿជាក់ បើទោះជាអ្នកទាំងពីរសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍ក្នុងការកាន់កាប់តំណែងបែបនោះពីមុនមក។ ប្រភពនោះបន្តអ្នកទាំងពីរមិនទាន់ត្រូវបានប៉ុស្ដិ៍លេខកុងត្រាអោយក្លាយជាពិធីករពេញសិទ្ធិនៅឡើយទេ ក្នុងពេលដែលតន្ត្រី«ខារ៉ាបាវ ស្បាកខន់សឺត!» បានកុងត្រាដំណើរការ៦ខែម្ដង និងពេញ១ឆ្នាំរួចទៅហើយ។ ប្រភពពីប៉ុស្ដិ៍លេខ៥ បន្តថា អ្នកទាំងពីរមិនត្រូវបានកុងត្រា ដោយសារតែខាងថ្នាក់លើ និងខាងស្ពុនស័រតែម្ដង នៅរង់ចាំមើលថាអ្នកទាំងពីរធ្វើកម្មវិធីបានល្អកម្រិតណា ប្រសិនបើគ្មានបញ្ហានឹងកាន់កម្មវិធីបានរហូត ប៉ុន្តែបើមានការស្នើពីថ្នាក់លើ ឬពីខាងក្រុមហ៊ុនខារ៉ាបាវណាមួយដែលជាអ្នកឧបត្ថម្ភធំ នោះការដោះដូរនឹងត្រូវកើតឡើង។ ពិធីករ និងពិធីការិនីច្រើនរូបត្រូវបានមន្ត្រីដដែលនេះថានឹងត្រៀមជំនួសអ្នកទាំងពីរផង ប្រសិនបើមានការសម្រេចណាមួយ។ យ៉ាងណាមិញ ផ្អែកតាមការចេញមុខបាន២សប្ដាហ៍ គឺកញ្ញា ព្រះកាយ ច័ន្ទ និង លោក ឆានី សូ ចាប់ដៃគ្នាបានល្អ ដោយបានទាំងធ្វើអោយអ្នកស្ពុនស័រសរសើរនោះផង ទើបមិនមានផែនការណាមួយឈានដល់ការដោះដូរនោះទេ។

កញ្ញា ព្រះកាយ ច័ន្ទ និងលោកឆានី សូ បានអះអាងថា មធ្យោបាយសំខាន់ដើម្បីការពារតំណែងរបស់ខ្លួនគឺមានតែការប្រឹងប្រែងប៉ុណ្ណោះ ដោយសារតែអ្នកទាំងពីរក៏បានទទួលការបញ្ជាក់ពីប៉ុស្ដិ៍លេខ៥ គឺចាំមើលពីលទ្ធផលដូចគ្នា។ អ្នកទាំងពីរនិយាយស្របគ្នាថា បើការប្រឹងប្រែងអស់ពីលទ្ធភាពទៅហើយ នៅតែមានការដោះដូរនោះអ្នកទាំងពីរក៏ពេញចិត្តដែរ។ ប៉ុន្តែតារាទាំងពីរបានអះអាងថារយៈពេលនៃការបម្រើការ គឺអ្នកទាំងពីរទទួលបានការសរសើរជាប្រចាំ៕

មតិយោបល់