ព័ត៌មានសិល្បៈ និងកម្សាន្ត

លេខទូរស័ព្ទ នៅក្នុងរឿង Squid Game ត្រូវបានទទួលការហៅចូលជាង ៤.០០០ ដង

ហួសចិត្ត នឹកស្មានមិនដល់ លេខទូរស័ព្ទពី ‘Squid Game’ គឺពិតប្រាកដ ហើយម្ចាស់លេខនោះបានទទួលការហៅចូលជាង ៤០០០ ដងក្នុងមួយថ្ងៃ ។

រឿង Squid Game ជាស៊េរីរឿងចុងក្រោយរបស់ Netflix ដែលមានប្រជាប្រិយភាពខ្លាំង ជារឿងភាគកូរ៉េដំបូងដែលឈរនៅលើតារាង Netflix នៅអាមេរិក តែក្នុងនោះ បែរជាមានមនុស្សម្នាក់ទទួលរងគ្រោះពីប្រជាប្រិយភាពនៃស៊េរីនេះទៅវិញ ។

ហេតុការណ៍នេះ បានកើតឡើងដោយសារតែឈុតមួយនៅក្នុងស៊េរី គឺមានកាតនាមប័ណ្ណត្រូវបានផ្តល់ឱ្យអ្នកចូលរួមប្រកួតប្រជែង ដោយពួកគេត្រូវតែទូរស័ព្ទទៅលេខនៅលើកាតនោះ ដើម្បីអញ្ជើញចូលរួមការប្រកួត នៅក្នុងនោះឈុតខាងលើ ក៏មានការចូលរួមពីតួឯកប្រុសដ៏ល្បីឈ្មោះ គឺលោក Gong Yoo ដែរ។

តែចៃដន្យអី ក្រុមផលិតករបែរជាបានគិតខុសក្នុងការដកលេខបីខ្ទង់ដំបូងចេញ ជំនួសឱ្យលេខកណ្តាល ៤ ខ្ទង់ចុងក្រោយ រហូតដល់ទស្សនិកជននៅគេហដ្ឋានអាចស្មានលេខទាំងនោះបាន ហើយពួកគេក៏អាចហៅទូរស័ព្ទទៅម្ចាស់លេខពិតបាន បណ្តាលឲ្យមានការរំខានយ៉ាងខ្លាំង។

ម្ចាស់លេខទូរស័ព្ទពិតប្រាកដ បានបង្ហាញពីបញ្ហានេះតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ Today online ដោយអះអាងថា ៖

បន្ទាប់ពី Squid Game បានចាក់ផ្សាយ ខ្ញុំទទួលបានការហៅនិងផ្ញើសារ ២៤ម៉ោង/៧ រហូតដល់ចំណុចដែលពិបាកប្រើក្នុងជីវិតប្រចាំថ្ងៃ លេខនេះគឺជាលេខដែលខ្ញុំបានប្រើជាង ១០ ឆ្នាំហើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង មានសារជាង ៤០០០ ពីលេខចម្លែកៗ ដែលខ្ញុំត្រូវលុបចេញពីទូរស័ព្ទរបស់ខ្ញុំ។ ហើយវាឈានដល់ការរំខានទាំងយប់ទាំងថ្ងៃដោយសារតែការចង់ដឹងចង់ឃើញ រហូតដល់ថ្មទូរស័ព្ទខ្ញុំអស់ហើយរលត់សូន្យឈឹង ។

ដំបូងខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ រហូតដល់មិត្តម្នាក់ប្រាប់ខ្ញុំថា លេខរបស់ខ្ញុំត្រូវបានចាក់ផ្សាយនៅក្នុង Squid Game។

ក្រោយមក តំណាងមកពីក្រុមហ៊ុន Netflix បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងពិចារណាលើបញ្ហាទាំងអស់ដែលកើតឡើង ហើយនឹងខិតខំអស់ពីលទ្ធភាពដើម្បីដោះស្រាយបញ្ហាទាំងនោះ ៕

 

មតិយោបល់