បន្ទាប់ពីបានកុងត្រាធ្វើជាតារាចម្រៀងសាន់ដេ តារាចម្រៀងវ័យក្មេងលោក ជ័យ សុវ៉ាតនៅមិនទាន់ឃើញបង្ហាញមុខអោយសកម្មនៅលើឆាកតន្ត្រីរបស់ទូរទស្សន៍នៅឡើយទេ ដោយសារតែខាងសាន់ដេត្រូវការអោយលោកសម្ងំចេញបទអោយបានច្រើនសិន ជាពិសេសគឺបទញាក់ផ្ទាល់ខ្លួនដើម្បីវាយលុកទីផ្សារ។
យ៉ាងណាមិញ គេឃើញលោកទទួលបាននូវភាពលេចធ្លោរ ពោលគឺតាំងពីបទ«ក្រចេះស្នេហ៍បង»ត្រូវបានរំលេចឡើងនៅលើទីផ្សារនោះម្ល៉េះ ដោយក្នុងបទចម្រៀង«សង្សារ ឡបល់យ៎អី»ដែលជាការបកស្រាយរបស់លោកក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លាផងដែរ ព្រមជាមួយនឹងការប្រកាសថានឹងត្រៀមបញ្ចេញស្ទីលសម្ដែងអោយប្លែក នៅក្នុងបទចម្រៀងមួយនេះ។
លោក ជ័យ សុវ៉ាត បានអះអាងថា បន្ទាប់ពីMV បទ«ក្រចេះស្នេហ៍បង »ទទួលបានការចាប់អារម្មណ៍នៅលើទីផ្សារ លោកកាន់តែមានកម្លាំងចិត្តក្នុងការរំលេចស្នាដៃថ្មីៗ បូករួមទាំងការសម្ដែងនៅក្នុងបទចម្រៀងអោយទទួលបាននូវការកោតសរសើរផង។
លោកថានៅក្នុងសាន់ដេ លោកបានថតទុកប្រមាណជា១០បទមកហើយ ប៉ុន្តែសាន់ដេនឹងចេញបង្ហោះបទចម្រៀងរបស់លោកជាដំណាក់កាលៗ ខណៈដែលបទ«សង្សារ ឡបល់យ៎អី» ដែលទើបចេញបង្អួតក៏ធ្វើអោយលោកទទួលបាននូវការគាំទ្រមិនតិចនោះដែរ ទើបលោកគម្រោងនឹងសម្ដែងនៅក្នុងMV មួយនេះអោយប្លែក អោយមើលទៅទាក់ភ្នែក ដើម្បីអោយសមនឹងការគាំទ្រ។ លោកថាបទចម្រៀង«សង្សារ ឡបល់យ៎អី!» ក៏ជាបទនិពន្ធថ្មីសុទ្ធសាធក្រោមការរៀបចំរបស់សានដេនោះដែរ ដោយគ្រាន់តែបទចម្រៀងនេះ លោកគម្រោងបញ្ចេញស្ទីលថ្មីអោយទាក់ទាញខ្លាំង ដើម្បីអោយមហាជនមានការប្លែកភ្នែកផង។
យ៉ាងណាមិញ លោកថាមិនទាន់ចង់បង្ហើបថាស្ទីលថ្មីដែលលោកនឹងបង្ហាញក្នុងបទ«សង្សារ ឡបល់យ៎អី!» នោះទេ ដោយទុកអោយអ្នកគាំទ្រធ្វើការតាមដានច្រើនជាង។ លោកនឹងបង្ហាញខ្លួនលើឆាកតន្ត្រីអោយបានសស្រាក់សស្រាំ ដើម្បីប្រូម៉ូតបទចម្រៀងទាំងនោះអោយកាន់តែទាក់ទាញ ជាពិសេសគឺការឡើងឆាកទូរទស្សន៍។
លោក ជ័យ សុវ៉ាត បានអះអាងថាលោកនឹងធ្វើអោយជោគជ័យក្នុងនាមជាតារាចម្រៀងម្នាក់ ដោយមិនធ្វើអោយក្ដីស្រម៉ៃរបស់ខ្លួនមានការខកចិត្តនោះទេ បើទោះជាលោកមមាញឹកនឹងការរៀនពេទ្យមិនទាន់បញ្ចប់ទាំងស្រុង។
លោកថាសប្បាយចិត្តដែលបទចម្រៀង«សង្សារ ឡបល់យ៎អី»មានអ្នកស្គាលច្រើន ប៉ុន្តែលោកក៏រំពឹងយ៉ាងខ្លាំងថាក្រោយពីបទនេះចេញលក់ជាMV គឺរឹតតែមានអ្នកគាំទ្របន្ថែមទៀត៖
តោះចង់ដឹងថាបទនេះប្លែកត្រចៀកកម្រិតណា តើស្ដាប់កម្សាន្ត៖
មតិយោបល់