ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយល្បីនឹងបទ«ស្អប់អតីត» តារាចម្រៀងសារ៉ាក់ ដាក់មួយបទថ្មីហុយហុយទៀតហើយ

បន្ទាប់ពីទទួលបានការគាំទ្រតាមរយ:បទ«អាជីពអ្នកចាក់កន្ទុយលេខ» និងបទ«ស្អប់អតីត»នៅលើបណ្ដាញYoutube យ៉ាងផុសផុល កាលពីពេលថ្មីៗ តារាចម្រៀងលោក សារ៉ាក់ បញ្ចេញស្នាដៃបង្អួតមហាជនទៀតហើយតាមរយបទ«ស្អប់មនុស្សក្បត់»ដែលទើបតែចេញក្ដៅៗ បុកចំបេះដូងអ្នកដែលធ្លាប់ត្រូវគេក្បត់រឿងស្នេហា ខណ:ដែលមានការលើកសរសើរថាចម្រៀងមួយបទ ក៏ទាក់ទាញខ្លាំងណាស់ដែរនៅក្នុងពេលនេះ។ តារាចម្រៀងដែលបានផ្សងព្រេងមកពីខេត្តព្រៃវែងរូបនេះ បានថ្លែងឲ្យដឹងថាលោកពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបានផលិតបទចម្រៀងនិពន្ធថ្មី ហើយទទួលបានការគាំទ្រជាបន្តបន្ទាប់នាពេលចុងក្រោយនេះ។

លោកថាបើទោះជាបទ«ស្អប់មនុស្សក្បត់»ត្រូវបានមជ្ឈដ្ឋានអ្នកស្ដាប់ហើយសរសើរថា មានអត្ថន័យជ្រាលជ្រៅ និងមានសាច់ភ្លេងគួរឲ្យចង់ស្ដាប់ភាគច្រើន ក៏លោកនៅតែមិនទាន់ហ៊ានរំពឹងច្រើននោះទេ ដោយលោកបញ្ជាក់ទុកឲ្យមហាជនជាអ្នកវិនិច្ឆ័យជាជាង។ លោកប្រកាសថានឹងត្រៀមចេញ MV បទនេះឲ្យបានឆាប់ៗ ក្នុងពេលដែលលោកក៏ទទួលបានទីផ្សារចេញច្រៀងលើឆាក និងក្នុងកម្មវិធីតន្ត្រីតូចធំច្រើនជាងមុន។ លោក សារ៉ាក់ បញ្ជាក់ថា មួយបទនេះត្រូវចិត្តលោកច្រើន ហើយលោកនឹងបន្តប្រឹងប្រែងផលិតបទនិពន្ធថ្មីដែលមានគុណភាព និងមិនកែច្នៃសាច់ភ្លេងដើមពីគេ ដើម្បីឲ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែមានការទទួលស្គាល់នោះផងដែរ។ លោកគ្រោងនឹងចេញបទ Original Song ជាច្រើនទៀត ដើម្បីបំបុកអារម្មណ៍មហាជនក្នុងពេលដ៏ខ្លី។

លោកអះអាងថា បទចម្រៀងមួយបទក៏ត្រូវតែសម្រាំងឲ្យល្អជាមុនផងដែរ ដើម្បីកុំឲ្យខាតកម្លាំងហើយមិនទទួលបានការគាំទ្រ។ ជាមួយគ្នានោះក៏ប្រកាសជំហរមិនទាន់ចូលជ្រកនៅក្នុងផលិតកម្មណាមួយបន្ទាប់ពីបានដាច់ស្រេចជាមួយផលិតកម្មចាស់ដូចគ្នា ដោយលោកប្រកាសថាចង់ពង្រឹងការផលិតបទផ្ទាល់ខ្លួនឲ្យមានការទទួលស្គាល់ច្រើនបន្តិចសិនចាំចាប់ផ្ដើមគិតគូររឿងកុងត្រាចូលផលិតកម្មណាមួយជាថ្មី។

បទ«ស្អប់មនុស្សក្បត់»កំពុងតែមានការចែករំលែកនៅលើបណ្ដាញសង្គមគួរឲ្យចាប់អារម្មណ៍ហើយក៏ មានការលើកឡើងថា បទនេះនឹងទាញបានការគាំទ្រខ្លាំងផងដែរខណ:ដែលលោក សារ៉ាក់ ប្រកាសពីគោលជំហរផលិតMV បទនេះឲ្យបានល្អបំផុតដើម្បីតម្រូវចិត្តអ្នកគាំទ្រ៕
//www.youtube.com/watch?v=UKpPlv0Mabw

មតិយោបល់