ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីល្បាញថៃ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Khmer-Thai Fight នៅកម្ពុជា !

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្ដែងល្បីឈ្មោះលោក Suriyont Arunwattanakul ដែលត្រូវគេស្គាល់ថាជាតួអង្គខូចល្បីឈ្មោះក្នុងភាពយន្តថៃជាច្រើនដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN និងប៉ុស្ដិ៍ទូរទស្សន៍ផ្សេងទៀត បង្ហាញខ្លួននៅកម្ពុជា ដោយលោកត្រូវលេចមុខជាពិធីករយ៉ាងកាលីបក្នុងព្រឹត្តិការណ៍ Khmer-Thai Fight ដែលបានរៀបចំឡើងក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៥ វិច្ឆិកា នៅស្ដាតអូឡាំពិក។

លោកជាតារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្ដែងជាតួចិត្តអាក្រក់ និងជាតួប្រជែងស្នេហ៍ជាមួយតួឯកប្រុសក្នុងរឿងល្បីៗជាច្រើនជាពិសេសរឿង«មេបញ្ជាការកំពូលស្នេហ៍» រឿង«អូនជាព្រះអាទិត្យបង» និងរឿង«Madam អូន»ជាដើមបានល្អ តែក៏មានសមត្ថភាពកាន់កម្មវិធីអត្ថាធិប្បាយប្រដាល់ជាលក្ខណ:អន្តរជាតិបានល្អ ដោយលោកត្រូវគេអះអាងថាក្រៅពីអត្ថាធិប្បាយកម្មវិធីនេះបានល្អ លោកក៏ស្គាល់ប្រវត្តិកីឡាស្ទើរគ្រប់រូបព្រោះតែថ្នឹកនឹងកម្មវិធីមួយនេះនោះផង។

លោក Suriyont Arunwattanakul ដែលបងប្អូនខ្មែរស្គាល់ភាគច្រើនតាមរយ:រឿង«មេបញ្ជាការកំពូលស្នេហ៍»របស់PNN បានអះអាងថាវត្តមានបង្ហាញខ្លួនរបស់លោកនៅក្នុងប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រដាល់ទ្រង់ទ្រាយធំ Khmer- Thai Fight មិនមែនជារឿងចៃដន្យនោះទេ ដោយសារតែលោកគឺជាពិធីករនៅក្នុងកម្មវិធីដ៏ធំមួយនេះរបស់ប្រទេសថៃប្រមាណជិត២ឆ្នាំកន្លងមកហើយ។

លោកថាក្នុងមួយខែកម្មវិធីនេះត្រូវបើកការប្រកួតម្ដងដោយត្រូវប្រកួតភាគច្រើននៅក្នុងប្រទេសថៃ និងតាមបណ្ដាប្រទេសផ្សេងៗដែលខាងគណកម្មការកំណត់រៀបចំ អ៉ីចឹងហើយទើបលោកត្រូវតែចំណាយពេលដើរតាមកម្មវិធីមួយនេះមិនដែលខកខានមួយលើកនោះទេ ចាប់តាំងពីលោកបានទទួលកុងត្រាជាមួយនឹងកម្មវិធីកាលពី១៨ខែមុន។

លោកថាមុនមកដល់កម្ពុជាលោកបានដើរច្រើនប្រទេសជាមួយនឹងព្រឹត្តិការណ៍ Thai Fight បាន១៧លើករួចមកហើយ ដោយប្រទេសកម្ពុជាគឺជាប្រទេសទី១ដែលលោកបានមកដល់ចាប់តាំងពីបានក្លាយជាពិធីកររបស់Thai Fight និងជាលើកទី១៨ផងដែរ បន្ទាប់ពីលោកបានបម្រើការជាពិធីករពេញសិទ្ធិឲ្យព្រឹត្តិការណ៍មួយនេះ។

លោកអះអាងថាលោកតែបង្ហាញខ្លួនជាមួយនឹងព្រឹត្តិការណ៍មួយនេះនៅក្នុងប្រទេសផ្សេងមិនដែលបានច្រើនថ្ងៃនោះទេ គឺបានត្រឹមតែមុនកម្មវិធីចាប់ផ្ដើមប៉ុន្មានម៉ោង ហើយក្រោយចប់ប៉ុន្មានម៉ោងក៏ត្រូវឡើងយន្តហោះទៅវិញជានិច្ច ដោយសារតែក្នុងប្រទេសលោកក៏មានការងារសម្ដែង ពិធីករ និងថតបង្ហាញម៉ូតច្រើន។

ជាក់ស្ដែងដូចការបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាជាលើកដំបូងនេះ លោកថាអត់មានសំណាងបានដើរលេងនោះទេ គឺបានមកតែ២ថ្ងៃប៉ុណ្ណោះ មកដល់នៅថ្ងៃកម្មវិធីដំណើរការប៉ុន្មានម៉ោង ហើយថ្ងៃទី២៦ វិច្ឆិកា ក៏ត្រូវត្រឡប់ទៅវិញ ដោយសារតែមិនអាចទម្លាក់ការងារឲ្យនៅស្កេកស្កះបាន។

យ៉ាងណាមិញ គេកត់សម្គាល់ថាវត្តមានរបស់លោកមិនសូវមានអ្នកគាំទ្រជាជនជាតិកម្ពុជាទៅគាំទ្រដល់កម្មវិធីនោះទេ ដោយសារតែលោកបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រដាល់ដែលអ្នកគាំទ្រការប្រដាល់ភាគច្រើន មិនសូវជាមានចំណូលចិត្តក្នុងទស្សនាភាពយន្តថៃ។

អ្វីដែលកត់សម្គាល់លោកបានអត្ថាធិប្បាយយ៉ាងស៊ីសង្វាក់ជាមួយពិធីករកម្ពុជា លោក សុខ ចាន់រិទ្ធី បើទោះជាអ្នកទាំង២ប្រើប្រាស់ភាសា២ផ្សេងគ្នា។ លោកជាប់ជាមួយកម្មវិធី Thai Fight ២ឆ្នាំចុងក្រោយ គឺដោយសារតែលោកក៏ជាអ្នកនិយមទស្សនាការប្រដាល់ហើយស្គាល់ប្រវត្តិកីឡាករច្រើននាក់នាពេលកន្លងមក គាប់ជួនជាខាងអ្នករៀបចំក៏ពេញចិត្តសមត្ថភាពអត្ថាធិប្បាយរបស់លោកផង ក៏បានកាន់កាប់កម្មវិធីនេះរៀងរាល់ចុងខែម្ដងៗ ដោយលោកបង្ហើបថាទទួលបានតម្លៃខ្លួនខ្ពស់ ដោយមិនរាប់បញ្ចូលនូវថ្លៃជិះយន្តហោះ និងស្នាក់នៅនោះផង៕

មតិយោបល់