ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ ប្រកាសបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ Pool Party

ក្រោយពីការប្រកាសអោយដឹងថាកម្មវិធី Pool On the Street Party ដ៏ពេញនិយមរបស់ពិភពលោក នឹងត្រូវលេចឡើងជាលើកទី២នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១០ មិថុនា ខាងមុខ មានការបញ្ជាក់ថា តារាល្បីៗមិនតិចនាក់នោះទេ នឹងត្រៀមខ្លួនទៅកម្សាន្តនៅទីនោះ។ ជាក់ស្ដែងគ្រាន់សមាជិក«គ្រួសារតារាកម្ពុជា»ល្បីៗ បានត្រៀមបង្ហាញមុខមិនក្រោម៣០រូបនោះទេ ខណៈដែលតារាៗមកពីស្ថាប័នផ្សេងៗជាច្រើននាក់ទៀត ក៏បានប្រកាសថា នឹងចូលរួមងូតទឹកកម្សាន្ត និងរាំលេងនៅក្នុងពិធីនេះ អោយកងរំពង។

ព្រឹត្តិការណ៍ដែលត្រូវបានប្រកាសថា មានការចូលរួមពីតារាយុវវ័យល្បីឈ្មោះកុំករមួយនេះ គ្រាន់តែវត្តមានជាតារាចម្រៀង គឺមានចំនួនច្រើនមកហើយ ដូចជា តារាចម្រៀងOriginal Song ខ្លាំងៗ នៅក្នុងពិភពសិល្បៈ និងតារាហិបហប់ក្រៅប្រទេស។

ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ ត្រូវបានគេបង្ហើបថាមានតារាក្រៅស្រុកមួយចំនួនចូលរួម ដើម្បីទាក់ទាញអ្នកចូលកម្សាន្តជាជនជាតិបរទេស និងជាអ្នកទេសចរណ៍អោយចាប់អារម្មណ៍មកទិញសំបុត្រចូលរាំរែក។

កម្មវិធី Pool Party ឆ្នាំនេះ ត្រូវបានគេប្រកាសប្រើឈ្មោះថ្មីថា Pool On the Street Party ដោយធ្វើនៅ 3G SQUARE ទល់មុខស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ មិថុនា។ ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ មានការបាញ់ហ្វូមពពុះសាប៊ូ ការលេងបាញ់ទឹក និងមានការរាំរែក ជាមួយចង្វាក់ភ្លេងប្លែកៗ អមដោយតារាល្បីទាំងជាតិ និងអន្តរជាតិ។ តារាល្បីៗ រួមមានឌីជេល្បីៗកម្រិតអន្តរជាតិ និងតារាចម្រៀងមកពីខាងក្រៅប្រទេសត្រូវបានគេអះអាងថាមានការចូលរួមច្រើននាក់ ដើម្បីទាក់ទាញជនបរទេស អោយចូលកម្សាន្តអោយបានច្រើន។ កម្មវិធីឆ្នាំនេះ ត្រូវគេមើលឃើញថាកំណត់ធ្វើឡើងនៅអំឡុងពេលមិនចំរដូវភ្លៀងដូចឆ្នាំមុនផង ទើបកម្មវិធីទាំងមូលពិតជាប្លែកភ្នែក ដែលសូម្បីតារាល្បីៗ សុទ្ធតែបានប្រកាសថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវបានកំណត់អោយតែងខ្លួនជាទម្រង់ដូចទៅលេងបាញ់ទឹកកាលពីអំឡុងចូលឆ្នាំ ដោយសារតែព្រឹត្តិការណ៍ ក្រៅពីមានពពុះសាប៑ូ ក៍មានសកម្មភាពបាញ់ទឹក និង មានកន្លែងងូតទឹកកម្សាន្តផងដែរ ក្រៅពីរាំជាមួយចង្វាក់ភ្លេង ពីតារាល្បីៗ ដែលក្នុងនោះសម្រាប់តារាពីកម្ពុជា គឺមាន៤រូបដែលគេកត់សម្គាល់។

កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេង និងកំពុងឡើងកូដនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាតួឯកធំមួយនៅក្នុងកម្មវិធីដែលជាកម្មវិធីចម្លងពីបរទេសមួយនេះ ខណៈដែលតារាល្បីៗ៣រូបទៀត គឺកញ្ញា រ៉ូលីន លោក Shutter ម្ចាស់បទ«អតីត» និងនាយព្រែក ក៏ត្រូវគេអះអាងថានឹងមានវត្តមានផងដែរ។

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតារាល្បីឈ្មោះទាំង៣ត្រូវបានកម្មវិធីចំណាយកញ្ចប់ទាក់ទងអោយចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងនាមជាតារាចម្រៀងកិត្តិយស ក្នុងពេលដែលតារាភាគច្រើននៅកម្ពុជា បានត្រឹមតែត្រូវគេទាក់ទងអោយចូលរួមជាភ្ញៀវកិត្តិយស ដើម្បីលេងទឹក និងរាំលេង អោយស្គាល់ពីបរិយាកាសនៅក្នុងពិធី។ អ្នករៀបចំកម្មវិធី មិនទាន់អាចសុំការបញ្ជាក់ពីការរៀបចំសម្រាប់កម្មវិធីដ៏ធំមួយនេះបានទេ ប៉ុន្តែអ្វីដែលគេដឹងផ្លូវការ គឺកម្មវិធីនឹងលេចរូបរាងនៅថ្ងៃទី១០ មិថុនា ដោយឌីជេ តារាចម្រៀងបរទេស និងតារាល្បីៗច្រើនរូប នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ដើម្បីបំផុសអោយស្រទាប់មហាជនស្គាល់កាន់តែច្បាស់ពីកម្មវិធី Pool On the Street Party ដែលជាកម្មវិធីពេញនិយមនៅលើពិភពលោកមួយនេះ៕

មតិយោបល់