Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ប្លែកត្រចៀកដល...

ប្លែកត្រចៀកដល់ក ប៊េប៊ី ច្រៀងរ៉េប ក្នុងបទ«អំណាចលុយ»

ទើបតែបានបង្ហោះប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែបទចម្រៀង Original Song ដែលមានចំណងជើងថា«អំណាចលុយ» របស់តារាចម្រៀង កញ្ញា ប៊េប៊ី ត្រូវគេឃើញមានការចែកចាយ និងចូលស្ដាប់រហូតដល់ម៉ឺនដងមិនធម្មតា។ នេះជាបទចម្រៀងដែលនាងចេញស្ទីលរ៉េប យ៉ាងប្លែកត្រចៀក ខណ:ដែលតារារូបនេះ ក៏បានប្រកាសថានឹងចំណាយទុនផលិតជាMV ឲ្យញាក់សាច់ បន្ទាប់ពីបទចម្រៀងនេះចេញមកក៏មានការពេញនិយមខុសពីការគ្រោងទុក។

អ្នកស្នេហាវិស័យបទចម្រៀងរ៉េបច្រើននាក់ បានសរសើរមិនដាច់ពីមាត់ជាមួយនឹងសមត្ថភាពរបស់នាង ដែលក្រៅពីអាចបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា និងបទប្រភេទញាក់ៗបានល្អ ហើយស្រាប់តែនាងអាចបកស្រាយបទចម្រៀងប្រភេទរ៉េបមួយបទនេះបានទៀត។

មកទល់ម៉ោងនេះបទចម្រៀង«អំណាចលុយ»របស់នាង កន្ត្រាក់បានអ្នកស្ដាប់បានច្រើនមិនធម្មតា ដោយសារតែអត្ថន័យរបស់បទនេះ ក៏ត្រូវចិត្តមនុស្សភាគច្រើន ហើយជាបទបើកឆាកដែលនាងបកស្រាយប្រភេទរ៉េប ចាប់តាំងពីនាងវិវត្តន៍បានក្លាយជាតារាចម្រៀងយុវវ័យ។

កញ្ញា ប៊េប៊ី បានអះអាងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោងកាលពីថ្ងៃទី១៤ សីហា ប៉ុណ្ណោះ តែអ្នកចូលទស្សនាកើនដល់រាប់ម៉ឺននាក់ ក្នុងពេលដែលនាងក៏ប្រកាសថាខ្លួនគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះ ដើម្បីស្ទាបស្ទង់សមត្ថភាព។

នាងថាមួយបទនេះធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការបញ្ចេញបទថ្មី ដោយនាងក៏គម្រោងនឹងផលិតបទរ៉េបៗឲ្យប្លែកត្រចៀកបែបនេះ ដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថាខ្លួនបានត្រៀមរួចហើយ នូវការផលិតMV បទ«អំណាចលុយ» ឲ្យកាន់តែធ្វើឲ្យបទនេះផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ខណ:ដែលស្ទីលដែលនាងរំលេចក្នុងMV ក៏នាងត្រៀមធ្វើឲ្យប្លែកខុសពីបទចម្រៀងមុនៗ៕