ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាន់ សោភណ័្ឌ ដណ្ដើមលុយកូន ក្នុងសិល្បៈ

គ្មានអ្នកណាមិនដឹងនោះទេ ថាអ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉េដរ៉ូស ប្រឡូកការសម្ដែងបន្ទាប់ពីមានឱកាសជូនប្រុសស្រីដែលជាតួសម្ដែងតាំងពីនៅតូចៗ ហើយក៏ត្រូវបានផលិតករផ្ដល់ឱកាសអោយសម្ដែងតែម្ដង។ យ៉ាងណាមិញ គេចាប់អារម្មណ៍ថាអ្នកស្រីនៅក្នុងពេលនេះ មិនមែនជាតួបម្រុងដូចមុនទេ ដោយក្នុងរឿងណាក៏ឃើញអ្នកស្រីមិនសូវបាត់មុខ ដែលអាចនិយាយបានថាឡើងកូដជាងកូនប្រុសស្រីរបស់អ្នកស្រីនោះផង។

កាលពីមុនគេស្គាល់ត្រឹមតែការសម្ដែងរបស់ កូនស្រី និងកូនប្រុស អ្នកស្រី គឺតារាវ័យក្មេង កញ្ញា ដាវណ្ណ ជេន្នី និងប្អូនប្រុសដាវណ្ណ រីគី ប៉ុណ្ណោះ ប៉ុន្តែមកទល់ម៉ោងនេះ អ្នកស្រីចាន់ សោភ័ណ្ឌ ជាម្ដាយ ដណ្ដើមបានទីផ្សារសម្ដែងបានច្រើនជាង។ ឱកាសសម្ដែងមិនសូវបាត់មុខស្ទើរគ្រប់រឿងនាពេលចុងក្រោយ បានធ្វើអោយអ្នកស្រី មានឈ្មោះបោះសំឡេង ខណៈដែលកូនប្រុសស្រីរបស់អ្នកស្រី ក៏កាន់តែមានទីផ្សារ និងឡើងកូដមិនណយ។ ក្រុមផលិតករ និងតួសម្ដែង បានហៅអ្នកស្រី និងកូនទាំង២ ថាជាគ្រួសារ ប្រមូលលុយក្នុងសិល្បៈ ដោយសារតែបន្ថែមពីលើសន្ទុះឡើងកូដរបស់ដាវណ្ណ ជេន្នី និងដាវណ្ណ រីគី ស្រាប់តែអ្នកស្រីម្នាក់ទៀត កញ្ឆក់បានតំណែងតួម្ដាយលេចធ្លោនាពេលចុងក្រោយ។

អ្នកស្រី ចាន់ សោភ័ណ្ឌ និយាយថា អ្នកស្រីរាល់ថ្ងៃត្រូវបានផលិតករទាក់ទងអោយសម្ដែងចង់ច្រើនជាងកូនឆ្ងាយណាស់ ជាពិសេសក្នុងពេលដែលកូនស្រី និងកូនប្រុសរបស់អ្នកស្រីបានក្លាយជាក្មេងជំទង់ ហើយពិបាកអោយក្រុមផលិតករដាក់អោយសម្ដែង ព្រោះតែស្ទើរក្មេង និងស្ទើរមនុស្សពេញវ័យ។ អ្នកស្រីថា ដាវណ្ណ ចេន្នី កំពុងឈោងចាប់តំណែងជាតារាចម្រៀងមួយមុខទៀត ដោយនាងកំពុងផលិតបទចម្រៀងផ្ទាល់ខ្លួនក្នុងពេលខាងមុខនោះផង ដើម្បីអោយកូនស្រីកាន់តែមានសន្ទុះទីផ្សារក្នុងសិល្បៈ ទាំំងការសម្ដែង និងចម្រៀង។ អ្នកស្រីថាកាលពីមុនអ្នកស្រីបានសម្ដែង ដោយសារតែជូនកូនទៅថត ហើយត្រូវផលិតករស្នើអោយជួយសម្ដែង ប៉ុន្តែពេលនេះ គឺអ្នកស្រីរកកម្លាំងទទួលកុងត្រាភាពយន្តមិនបានម្ដង។

ក្នុងនោះសូម្បីតែតម្លៃក្នុងការសម្ដែងក៏ទទួលបានច្រើនផងដែរ គឺមិនមែនទទួលបានតម្លៃក្នុងការជួយដល់ផលិតករដូចមុនទេ ទើបអ្នកស្រីសប្បាយចិត្តក្នុងទទួលសម្ដែងរហូតជក់នឹងអាជីពសម្ដែងចង់ភ្លេចការងារមុខជំនួញផ្ទាល់ខ្លួន។ អ្នកស្រីសប្បាយចិត្តដែលខ្លួន និងកូនទាំង២ កាន់តែទទួលជោគជ័យក្នុងសិល្បៈ ជាពិសេសអ្នកស្រីដែលបានទទួលតំណែងក្នុងភាពយន្តគួរអោយកត់សម្គាល់នាពេលចុងក្រោយ៕

មតិយោបល់