ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊ុត សីហា ឈានដល់ការពិនិត្យទឹកនោម ឲ្យទូតអាមេរិក

ការពិតតារាចម្រៀងលោក ប៊ុត សីហា ត្រូវចេញដំណើរទៅកាន់សហរដ្ឋអាមេរិក នៅយប់ថ្ងៃទីទី១៤ មីនានេះជាមួយនឹងតារាចម្រៀងកញ្ញា រ៉ាប៊ី ដើម្បីសម្ដែងរួមគ្នា ប៉ុន្តែដោយសារតែផ្ទុះព័ត៌មានរឿងលោកពាក់ព័ន្ធនឹងគ្រឿងញៀនរហូតដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន ទើបស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសម្រេចមិនផ្ដល់ទិដ្ឋាការឲ្យ ហើយបណ្ដាលឲ្យលោកចេញទៅសម្ដែងមិនរួច។ យ៉ាងណាមិញ លោកត្រូវបានស្ថានទូតអាមេរិកកំណត់អោយពិនិត្យទឹកនោម ដោយលក្ខខណ្ឌនៃការតម្រូវនោះ គឺអោយតែរកឃើញថាលោកមិនសារជាតិញៀនទេ នោះនឹងផ្ដល់ទិដ្ឋាការឲ្យវិញ។

តំណាងអង្គការសារមន្ទីរមរតកជាតិខ្មែរដែលជាអ្នកធានារត់ការយក ប៊ុត សីហា អោយចេញច្រៀងនៅលើទឹកដីអាមេរិកបានអះអាងថា ក្រោយពីប៊ុត សីហា មិនទទួលបានវីសាដើម្បីអាចធ្វើដំណើរទៅតាមគម្រោងបាន ខាងអង្គការទាំងមូលក៏បានស្នើសុំជាថ្មី ហើយជាលទ្ធផលគឺស្ថានទូតអាមេរិកក៏បានយល់ព្រមឲ្យតារាចម្រៀងរូបនេះ ធ្វើការពិនិត្យទឹកនោម ដោយបានទាំងកំណត់អោយទៅពិនិត្យនៅក្នុងមន្ទីរពេទ្យដែលជាដៃគូរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានោះផង។

លោកបានទៅពិនិត្យទឹកនោមកាលពីថ្ងៃទី១២ មីនា ហើយលទ្ធផលចេញមកគឺមិនមានសារជាតិញៀននោះទេ ទើបលទ្ធផលចេញទៅសហរដ្ឋអាមេរិក នឹងអាចកើតឡើងដោយគ្រាន់តែមិនទាន់ច្បាស់ថាពេលណាទើបស្ថានទូតអាមេរិកនឹងផ្ដល់វីសាឲ្យប៉ុណ្ណោះ។ យ៉ាងណាមិញ តំណាងអង្គការបានអះអាងថា ស្ថានទូតអាមេរិកនឹងមិនមានបញ្ហារឿងផ្ដល់ទិដ្ឋាការនោះទេ ដោយសារតែពេលតវ៉ាគឺខាងទូតស្នើឲ្យតែធ្វើការពិនិត្យទឹកនោម ហើយបើអត់ឃើញមានសារជាតិញៀនគឺអត់បញ្ហា។

តំណាងស្ពុនស័ររបស់លោកបន្តថា លោកប៊ុត សីហា នឹងចេញទៅសម្ដែងនៅក្នុងប្រទេសអាមេរិកនៅអំឡុងខែ៤ ឬខែ៥ ដោយសារតែលោកខកជើងការសម្ដែងលើកនេះ មិនអាចយកទៅអាទិត្យក្រោយ ឬកន្លះខែក្រោយបានទេ គឺត្រូវរង់ចាំអោយវត្តមានធានាតារាផ្សេងទៀត ដូចជាអ្នកនាងចេន សាយចៃ ជាដើមត្រូវធ្លាក់ឯកសារអោយទៅដូចគ្នា ទើបអោយលោកចេញទៅជាមួយគ្នាតែម្ដង។ តាមគម្រោងអ្នកនាង ចេន សាយចៃ នឹងចេញទៅអាមេរិកនៅអំឡុងចុងខែ៤ និងដើមខែ៥ ហើយបើឯកសាររបស់អ្នកនាងច្បាស់លាស់ពេលណា នោះលោកប៊ុត សីហា ក៏នឹងទៅពេលហ្នឹងដូចគ្នា៕

មតិយោបល់