ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាៗក្ដុកក្ដួល ពេលចុះទៅជួបកុមារកំព្រាបាត់បង់សតិបញ្ញាជាង១០០នាក់

កាលពីព្រឹកថ្ងៃទី១៩ មេសា តារាកំប្លែង និងតារាសម្ដែងមួយក្រុម ក្រោមការដឹកនាំរបស់អ្នកស្រី គង់ វណ្ណា ហៅអ្នកស្រីមីស៑ុបកូនកាត់ ម្ចាស់ហាងមីស៑ុបកូនកាត់កោះពេជ្រ ដែលជាតារាចម្រៀង និងជាតារាសម្ដែងផងដែរ បានចុះទៅជួប និងរួមគ្នាប្រគល់អំណោយរួមមាន អង្ករ៤០បេ មី៥០កេស សៀង ៥០យួរ ទឹកត្រីទឹកសុីអុីវជាច្រើនយួរ និងថវិកាមួយចំនួន ប្រគល់ជូនដល់បុរីទារក និងកុមារជាតិ នៅម្ដុំផ្លូវដួងងៀប២០០៤ ដែលមណ្ឌលចិញ្ចឹមកុមារបាត់បង់សតិបញ្ញា និង ឳពុកបោះបង់ចោលធំជាងគេ ដែលកំពុងរងការខ្វះខាត។

ម្នាក់ៗសុទ្ធតែសម្ដែអារម្មណ៍ក្ដុកក្ដួល និងអាណិតក្មេងទាំងនោះយ៉ាងខ្លាំង ដោយសារតែពួកគេភាគច្រើន គឺត្រូវបានឳពុកម្ដាយ បោះបង់ចោលក្នុងពេទ្យ ហើយត្រូវបានមណ្ឌល យកមកចិញ្ចឹមបីបាច់ បើទោះជាមណ្ឌល ក៏មិនមានជំនួយគ្រប់គ្រាន់ ក្រៅពីបានថវិការរដ្ឋមួយចំណែកៗ រាល់ឆ្នាំ តែមិនគ្រប់តាមតម្រូវការ។

ក្រៅពីប្រគល់អំណោយ អ្នកស្រីគ្រត លោក សាយ សៀរ៉ា នាយតាក់សុី អ្នកនាងភីម អ្នកនាងមីស៑ុបកូនកាត់កោះពេជ្រ និងក្រុមការងារមួយចំនួនទៀត ក៏បានច្រៀងរាំធ្វើឲ្យក្មេងៗទាំងនោះ សប្បាយរហូតដល់ចប់ ដោយតារាម្នាក់ៗនិយាយថា ខ្លួនពិតជាក្ដុកក្ដួលណាស់ នៅពេលឃើញសភាពពិតរបស់ក្មេងៗ ស្របគ្នាដែលម្ចាស់មណ្ឌល ក៏អះអាងថាមណ្ឌលនេះ មិនសូវមានការផ្តល់ជំនួយពីសប្បុរសជនខាងក្រៅ ដែលអាចបណ្ដាលមកពីសប្បុរសជនភាគច្រើន មិនសូវស្គាល់ និងមិនសូវដឹងពីការលំបាករបស់មណ្ឌល។

អ្នកស្រី វណ្ណា ហៅអ្នកស្រី មីស៑ុបកូនកាត់កោះពេជ្រ បានអះអាងថា ថវិកាដែលបានទិញជាអង្ករ និងគ្រឿងឩបភោគ បរិភោគទាំងនេះ មិនមែនជាថវិកា របស់អ្នកស្រីទាំងនោះទេ ដោយថវិការមួយចំនួន ក៏បានពីក្រុមតារាសិល្ប: ដែលបានចុះចែកអំណោយ តាមរយ:ការបើកវេទិការច្រៀងរាំ នៅហាងមីស៑ុបកូនកាត់នៅកោះពេជ្រ ដែលជាហាងប្រើប្រាស់តែឆ្នាំងដី របស់បងប្អូនអ្នកខេត្តកំពង់ឆ្នាំង ប្រមាណជាជិត២០ថ្ងៃ តាំងពីមុនថ្ងៃចូលឆ្នាំនោះផងដែរ។

យ៉ាងណាមិញអ្នកស្រីថា ថវិកាដែលបានមកមិនច្រើននោះទេ ដោយថវិកាភាគច្រើន គឺបានពីការកាត់ផលចំណេញ ក្នុងហាងមីស៑ុបកូនកាត់នៅកោះពេជ្រ និងហាងសមុទ្រខៀវ ដែលអ្នកស្រីបើកអាជីវកម្មប៉ុណ្ណោះ។ អ្នកស្រីថា ការប្រគល់អំណោយ ជួយដល់បុរីទារក និងកុមារជាតិ ដែលមានជនពិបាកបាត់បង់សតិបញ្ញាប្រមាណជិត១៥០នាក់ រស់នៅនៅក្នុងមណ្ឌលនេះ គឺជាលើកទី១ ប៉ុន្តែសម្រាប់សកម្មភាពសប្បុរសធម៍ផ្សេងទៀត ដូចជាជួយដល់គន្ធបុប្ផា និងជួយដល់មណ្ឌលកុមារកំព្រាផ្សេងទៀត គឺអ្នកស្រី និងក្រុមតារាសិល្ប:ខាងលើបានធ្វើច្រើនលើកមកហើយ៕

មតិយោបល់