ព័ត៌មានសិល្បៈ និងកម្សាន្ត

១៨ឆ្នាំ លើវិស័យពិធីការិនី ខៀវ សានសាណា នៅតែជោគជ័យ

ក្នុងចំណោមពិធីការិនីឆ្នើម ដែលជោគជ័យក្នុងអាជីពអត្ថាធិប្បាយដាក់ក្បាលមេក្រូ អ្នកនាង ខៀវ សានសាណា ក៏ស្ថិតក្នុងចំណោមនោះម្នាក់ផងដែរ ដោយសារតែអ្នកនាង ប្រឡូលក្នុងអាជីពនេះមិនតិចជាង១៨ឆ្នាំឡើយ ប៉ុន្តែប្រជាប្រិយភាព និងទីផ្សាររបស់អ្នកនាង នៅតែខ្លាំងស្ទើរមិនមាន ពេលទទួលការងារ។ អ្នកនាងត្រូវគេដឹងថា នៅតែក្ដាប់ការងារយ៉ាងណែនដៃ ព្រមជាមួយចំណូលខ្ពស់ពីសិល្បៈមិនបាក់ស្រុត។

ក្នុងពិភពពិធីការិនី អ្នកនាង ខៀវ សានសាណា នៅតែស្ថិតក្នុងលំដាប់ជួរមុខ ជាពិធីការិនីដែលរកចំណូលបានខ្ពស់ និងមានទីផ្សារស្ទុះឡើងមិនថមថយ។ បើទោះជាពិធីការិនីរូបនេះ មិនសូវមានកម្មវិធីលើកញ្ចក់ទូរទស្សន៍លេចធ្លោដូចមុន ប៉ុន្តែគេនៅតែកត់សម្គាល់ថា ក្នុងកម្មវិធីក្រៅទូរទស្សន៍ធំៗ ជាពិសេសកម្មវិធីសម្ពោធ និងបង្ហាញផលិតថ្មី ស្ទើរតែមិនបាត់មុខអ្នកនាងនោះទេ ដ្បិតថាពិធីករ និងពិធីការិនី ដែលអាចប្រើប្រាស់ភាសាបានល្អដូចអ្នកនាងច្រើនឡើងលេចមុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាង ខៀវ សានសាណា បញ្ជាក់ថា រៀងរាល់មួយខែៗ អ្នកនាងទទួលការងារមិនក្រោម២០កម្មវិធីនោះទេ ដោយអ្នកនាងមិនមានពេល ទទួលកម្មវិធីជាន់គ្នា ដែលមិនខុសពីបោះលុយចោលនោះផង។ អ្នកនាងថា ទីផ្សារពិធីការិនី ហាក់មិនមានការប្រែប្រួល ក្នុងពេលដែលមានពិធីការិនី ដែលមានសមត្ថភាពច្រើន ឡើងលេចឡើងនោះទេ ផ្ទុយទៅវិញ ទីផ្សារការងារ គឺនៅតែដដែល មិនខុសពី១៨ឆ្នាំមុន ដែលអ្នកនាងទើបប្រឡូកឡើយ។

អ្នកនាងនិយាយថា ខែវស្សាដែលមិនសូវមានពិធីសម្ពោធផ្សេងៗ ក៏អ្នកនាងទទួលបានកម្មវិធី មិនក្រោម២០កម្មវិធីដែរ ខណៈដែលក្នុងរដូវបុណ្យការ គឺអាហ្វែកាត់នំ និងអាហ្វែបើកសម្ពោធផ្សេងៗ ក៍ត្រូវរត់ម្នាក់ឯង២-៣រោងក្នុងមួយថ្ងៃ។ អ្នកនាងថា សប្បាយចិត្ត ដែលនៅតែទទួលបានការគាំទ្រ ក្នុងអាជីពជាពិធីការិនី ដូច្នេះហើយ ទើបអ្នកនាងនៅតែក្រាញក្នុងអាជីពនេះ ដោយសារតែឃើញ លុយនៅនឹងមុខៗ ហើយមិនចង់បោះចោល។ អ្នកនាងក៏ប្រកាសជំហរ មិនដើរចោលជំនាញនេះផងដែរ បើទោះជាអ្នកនាងមានឱកាសបើកជំនួញ និងអាចទៅធ្វើការងារផ្សេង ដោយមិនលំបាក៕

មតិយោបល់