តាមប្រភពគេហទំព័រសារព័ត៌មានថៃ បានឲ្យដឹងថា ក្រោយពេលក្រុមមូលនិធិមនុស្សធម៌របស់អ្នកជាប់ខ្សែស្រឡាយចិននៅក្នុង ស្រុកមឿង ខេត្តនគររាជសីមា ប្រទេសថៃ ធ្វើការជីកគាត់សព ដែលគ្មានសាច់ញាតិនៅទីលានបញ្ចុះសពមួយកន្លែងក្នុងខេត្តខាងលើ ដោយបានរកឃើញសពទារកមួយដែលត្រូវបានគេកប់ជាង១០ឆ្នាំមកហើយនោះ មិនរលាយ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា នៅទីលានបញ្ចុះសពខាងលើនេះមានផ្នូរសពគ្មានសាច់ញាតិទាំងអស់ជាង ១២០០ ហើយសពទារកចម្លែកដែលគេបានជីករកឃើញនេះគឺ ក្រោយពេលជីកបាន៤ថ្ងៃ ក្នុងគម្រោង៦៤ថ្ងៃ របស់មូលនិធិ សប្បុរសធម៌ខាងលើ។ សពទារកនោះគេជីករកឃើញក្នុងរណ្ដៅទី៧២៩ ។
ប្រភពព័ត៌មានបន្តទៀតថា សពទារកចម្លែកមានលក្ខណៈអាវៈជីវៈគ្រប់គ្រាន់ ក៏ប៉ុន្តែមានប្រវែង១០ទៅ១៣សង់ទីម៉ែត្រ ហើយក្រណាត់ដែលគេរុំស្រោបត្រូវបានរលាយអស់សល់តែតួទារកទទេ។
ប្រភពព័ត៌មានឲ្យដឹងថា សពដែលគេជីកបាននឹងនាំទៅដុតដើម្បីឧទ្ទិសកុសល ដោយឡែកសម្រាប់ទារករិញគេអាចរក្សាទុកក្នុងករណីពិសេស ដើម្បីឲ្យអ្នកស្រុកបានមើលមួយរយៈសិន។ បើតាមបុគ្គលិកនៅក្នុងមូលនិធិបានឲ្យដឹងថា អាចនឹងជួបប្រទះឃើញលក្ខណៈដូចទារកនេះជាច្រើនទៀតព្រោះនៅសល់តែ ជាង១០០០ផ្នូរទៀតឯណោះដែលគេមិនទាន់បានជីក។
ប្រភពព័ត៌មានចុងក្រោយបានបន្ថែមទៀតថា មានអ្នកងប់ងុលទៅនឹងលេខសំណាងបានកត់ត្រាលេខរណ្ដៅផ្នូររបស់ទារក ចម្លែកយកទៅផ្សងសំណាងផងដែរ៕
មតិយោបល់