ព័ត៌មានសិល្បៈ និងកម្សាន្ត

តំណាងកម្ពុជា បង្អួតល្បុក្កតោ និងឈុតសម័យអង្គរយ៉ាងទាក់ភ្នែក ក្នុងព្រឹត្តិការណ៍ Mister Asian 2019

ក្នុងប៉ុន្មានថ្ងៃនេះ បេក្ខជនតំណាងប្រទេសកម្ពុជាលោក ឡៅ បញ្ញា ដែលត្រូវបញ្ជូនអោយទៅប្រកួត នៅក្នុងព្រឹត្តិការណ៍ Mister And Miss Asian 2019 នៅក្នុងប្រទេសថៃ បានធ្វើអោយម្នាក់ៗ មានការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោក បានបង្ហាញល្បុក្កតោ និងឈុតព្រះរាជា ក្នុងសម័យអង្គរលើឆាកអន្តរជាតិ ហើយថែមទាំងត្រូវបានគណកម្មការផ្ដល់ពិន្ទុអោយក្លាយជាបេក្ខជន Top 3 ដែលខ្លាំងផ្នែកជំនាញ ក្រោយការបង្ហាញក្បាច់គុនល្បុក្កតោនោះផង។ លោកកំពុងត្រូវបានបេក្ខភាព មកពីប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ាន ដែលចូលរួមប្រកួត ថាក្រៅពីមានរូបសម្រស់ស្រស់សង្ហារ មិនអន់ជាងបេក្ខជនមកពីប្រទេសផ្សេង ក៏មានជំនាញក្បាច់គុនល្បុក្កតោស្ទាត់ជំនាញ ហើយគ្រងឈុតសម័យអង្គរបានស័ក្ដសមទៀត។

ការប្រកួតដែលកំពុងធ្វើឡើងយ៉ាងក្ដៅគគុក នៅក្នុងប្រទេសថៃមួយនេះ បេក្ខភាព ឡៅ បញ្ញា ដែលត្រូវគេស្គាល់ថា ជាអ្នកសម្ដែងក្នុងព្រឹត្តិការណ៍និយាយ ពីអាណាចក្រខ្មែរនៅសៀមរាប បានធ្វើអោយកម្ពុជា កាន់តែមានកិត្តិយសក្នុងក្រសែភ្នែកអន្តរជាតិយ៉ាងខ្លាំង បន្ទាប់ពីលោកសម្ដែងក្បាច់គុនល្បុក្កតោ ហើយធ្វើអោយអ្នកណាៗ ក៏កោតសរសើរ។ បើទោះជាចំណាត់ថ្នាក់ Best Talent មិនទាន់ត្រូវបានប្រកាស ដោយគា្រន់តែកំណត់ថា លោកជាប់ក្នុងចំណោម៣រូបនាំមុខ ដែលមានទេពកោសល្យខ្ពស់ ប៉ុន្តែគេមើលឃើញថា លោកស័ក្ដសម នឹងពានមួយនេះជាងគេ នៅចុងបញ្ចប់នៃការប្រកួត។ លោកត្រូវបានគេសរសើរថា មានកាយសម្បទា មិនអន់ជាងបេក្ខជនមកពីប្រទេសផ្សេងនោះទេ ទើបកំពុងមានការតាមដានកាន់តែច្រើនថា លោកនឹងជាប់លេខ ឬបានតំណែងអ្វីនៅក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី២៤ កុម្ភៈនេះ។

យោងតាមការទម្លាយ លោក ឡៅ បញ្ញា ត្រូវបានបញ្ជូនអោយចេញប្រកួតតំណាងកម្ពុជា ដោយក្រុមហ៊ុនមួយ ប៉ុន្តែស្ថិតក្រោមការជ្រោមជ្រែង ការចំណាយទាំងស្រុងដោយម្ចាស់គ្លីនិកធ្មេញវិលៀម គឺលោក តូនី ទើបគេឃើញសំលៀកបំពាក់ ដែលលោកគ្រងតំណាងជាតិ ក្នុងឈុតព្រះមហាក្ស័ត្រ នៅសម័យអង្គរ ត្រូវបានតែងកាយត្រូវទម្រង់ ដោយមានការអះអាងថា ទាំងការបញ្ជូនអោយប្រកួត និងការរៀបចំសំលៀកបំពាក់តំណាងជាតិនោះ គឺមិនក្រោម៥ពាន់ដុល្លារ។ ម្ចាស់គ្លីនិកវីលៀម បានអះអាងថា ហេតុផលដែលលោកចូលរួមជ្រោមជ្រែង ការប្រកួតមួយនេះនៅក្រៅប្រទេស គឺគ្រាន់តែចង់អោយបេក្ខជន ឡៅ បញ្ញា ដែលជ្រើសបានដោយក្រុមហ៊ុនមួយ មានឱកាសបានបង្ហាញសមត្ថភាព និងទេពកោសល្យផ្នែកល្បុក្កតោ លើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតបុរសឯក Mister Asian 2019 នេះតែប៉ុណ្ណោះ៕

មតិយោបល់