ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅទីបំផុត! អ្នករៀបចំកម្មវិធីបវរកញ្ញា «Miss Grand Cambodia» ទម្លាយតម្លៃមកុដម្ចាស់ជ័យលាភី សម្រាប់ឆ្នាំ២០២១នេះ

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព «Miss Grand Cambodia» ត្រូវបានគេដឹងថា បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកម្ចាស់មកុដ ឲ្យធ្វើជាបេក្ខនារីតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរាតិ។ សម្រាប់ឆ្នាំ២០២១នេះ ក៏ជាឆ្នាំទី២ផងដែរ ក្រោមការរៀបចំឡើងដោយម្ចាស់ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៉ិន សុភិន។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺស្របពេលដែលកម្មវិធីប្រកួតបវរកញ្ញា «Miss Grand Cambodia» សម្រាប់ឆ្នាំ២០២១ កំពុងខិតចូលមកដល់នោះ អ្នករៀបចំកម្មវិធី ស្រាប់តែទម្លាយតម្លៃមកុដរបស់ម្ចាស់ជ័យលាភី គឺខ្ទង់ម៉ឺនៗដុល្លារតែម្តង។

យោងតាមផេកផ្លូវការរបស់ «Miss Grand Cambodia» គឺបានបង្ហោះរូបភាពមួយសន្លឹកនាពេលថ្មីៗនេះ និងបានបង្ហាញរូបភាពមកុដសម្រាប់ការប្រកួតនេះ មានក្បូរក្បាច់រចនាយ៉ាងទាក់ទាញ រំលេចដោយត្បូងភ្លឺដេញគ្នា ពណ៌ក្រហម និងស អមដោយពណ៌ទឹកមាសថែមទៀត ហើយបើក្រឡេកទៅមើលតម្លៃមកុដនេះវិញ ពិតជាមិនគួរឲ្យជឿ ដោយមកុដសម្រាប់ជ័យលាភីមានតម្លៃ ៣៥,០០០ដុល្លារអាមេរិក។

គួរជម្រាបថា សម្រាប់ឆ្នាំដំបូង នៃការរៀបចំកម្មវិធីប្រកួត «Miss Grand Cambodia» ក្រោមការដឹងនាំដោយម្ចាស់ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៉ិន សុភិន ត្រូវបានគេសង្កេតឃើញថា មិនសូវសមប្រកបដោយ ពោលគឺបានកើតឡើងនូវរឿងរ៉ាវចម្រូងសម្រាស់មួយចំនួនជាមួយម្ចាស់ជ័យលាភី គឺកញ្ញា សេង រដ្ឋា ដែលនាងបានបោះបង់តំណាងម្ចាស់មកុដចោល ហើយត្រូវជំនួសមកវិញដោយកញ្ញា លីវ ជីលី ដោយនាងបានទៅចូលរួមប្រកួតជាមួយបេក្ខនារីផ្សេងទៀត នៅប្រទេសថៃសម្រាប់ «Miss Grand Cambodia» ២០២០។ យ៉ាងណាមិញ សម្រាប់ព្រឹត្តិការណ៍ប្រកួតឆ្នាំ២០២១នេះ គេមិនទាន់ដឹងនៅឡើយទេថា នឹងរលូនដូចការរំពឹងទុកឬយ៉ាងណា?

មតិយោបល់