ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ម៉ានិច ស្និទ្ធស្នាលខ្លាំងជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រ ខណៈសាមីខ្លួនលឹបលៗ មិនហ៊ានបង្ហាញការពិត

(ភ្នំពេញ)៖ កាលពីមួយរយៈមុនមហាជនចាប់អារម្មណ៍ម្តងហើយ ទៅលើទំនាក់ទំនងស្នេហាខុសវ័យរវាង តារាសម្តែង ដួង ម៉ានិច និងតារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ដែលត្រូវបានអះអាងថា ជាគូស្នេហ៍នឹងគ្នា។ យ៉ាងណាមិញ នៅពេលនេះអ្នកទាំងពីរបានបង្ករឲ្យមានការចាប់អារម្មណ៍ជាថ្មី ដោយសារតែការថតរូបសំអាងការ ក្នុងឈុតកូនក្រមុំកំលោះ ធ្វើឲ្យមតិខ្លះនិយាយថា អ្នកទាំងពីបានភ្ជាប់ពាក្យនឹងគ្នារួចហើយ។

យ៉ាងណាមិញ ជុំវិញដំណឹងភ្ជាប់ពាក្យជាមួយប្រុសក្មេងពេលនេះ ដួង ម៉ានិច ផ្ទាល់ហាក់មិនបានប្រកែកនោះទេ ហើយក៏មិនបកស្រាយការពិតនោះដែរ ពោលគឺលឹបលរៗ មិនហ៊ានបង្ហាញការពិតឡើយ បានត្រឹមសរសេរសារក្នុងហ្វេសប៊ុកបែបលេងសើច បង្ករការចាប់អារម្មណ៍ពីមហាជន។

ងាកមកតារា ប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ត្រូវបានគេដឹងថា បានវិវត្តន៍ខ្លួនគួរឲ្យកត់សម្គាល់ក្នុងពិភពសិល្បៈ ដោយទទួលបាននូវប្រជាប្រិយភាព មានទស្សនិកជនគាំទ្រច្រើន មិនចាញ់តារារាមច្បងឡើយ។ ក្នុងនោះស្នាដៃចម្រៀង Original របស់លោកគឺ បទ «គ្រាស្នេហ៍» មានការនិយមស្តាប់ពីសំណាក់មិត្តយុវវ័យ និងទស្សិកជនគ្រប់ស្រទាប់វណ្ណៈ ជាមួយនឹងទឹកដមស្រទន់ ពិរោះរណ្តំ។ មកទល់នឹងបច្ចុប្បន្ន ក៏ស្រាប់តែតារាវ័យក្មេងរូបនេះ បង្វែរទៅបង្កើតទំនាក់ទំនងជិតស្និតជាមួយតារាស្រី ដួង ម៉ានិច តាមរយៈការបង្ហោះរូបភាព និងវីដេអូជាមួយគ្នា យ៉ាងផ្អែមល្ហែម។

ជុំវិញរឿងរ៉ាវស្នេហាខុសវ័យរបស់តារាទាំងពីរ គេនៅមិនទាន់ដឹងប្រាកដនោះទេថា តើពួកគេពិតជាបានភ្ជាប់ពាក្យពិតប្រាកដមែន ឬគ្រាន់តែជាការថតស្ពតសំអាងការ ពោលរឿងនេះហាក់នៅស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ព្រោះ កញ្ញា ដួង ម៉ានិច បានព្យាយាមមិនបកស្រាយអ្វីទាំងអស់ នៅពេលអ្នកកាសែតតេទៅដើម្បីសម្ភាសន៍ ដោយនិយាយថា កំពុងរវល់៕

មតិយោបល់