ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ប៊ុនលាភ ចង់ក្លាយជាអ្នកចម្រៀងម្តងទៀត ក្រោយបាត់មុខពីវិស័យនេះជាង ១០ឆ្នាំ

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមស្តាប់ចម្រៀងល្បីៗកាលពីជាង១០ឆ្នាំមុន ប្រាកដជាស្គាល់តារាចម្រៀង និងជាតារាសម្តែងប្រុស លោក ហេង ប៊ុនលាភច្បាស់ហើយ ត្បិតម្ចាស់បទ «ជំទាវអត់ក្រឹត» រូបនេះ មានភាពល្បីល្បាញកាលពីជាង១០ឆ្នាំមុន តែបែរជា សម្រេចដើរចេញពីអាជីពរបស់ខ្លួនយ៉ាងអាថ៌កំបាំង ហើយងាកទៅប្រើជីវិតយ៉ាងសាមញ្ញនៅជនបទស្រុកស្រែចម្ការជាមួយក្រុមគ្រួសារ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញលោក ហេង ប៊ុនលាភ ប្រកាសថា ចង់ចូលប្រឡូកក្នុងវិស័យចម្រៀងដូចពីមុនវិញ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អតីតតារាធ្លាប់ល្បីល្បាញរូបនេះ បានសរសេរសារយ៉ាងដូច្នេះថា «ចង់ក្លាយជាអ្នកចំរៀងដូចមុន» ។ ទន្ទឹមនឹងនោះ ក៏មានមតិយ៉ាងច្រើនលើសលុបពីសំណាក់អ្នកលេងបណ្ដាញសង្គម និងអ្នកដែលនិយមរូបលោកកន្លងមក បានគាំទ្រយ៉ាងពេញទំហឹង ដ្បិតលោកនៅតែជាអាយដលក្នុងដួងចិត្តរបស់ពួកគេ ។

គួរជម្រាបថា លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀង និងតារាសម្ដែងមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំងកាលពីជាង១០ឆ្នាំមុន ហើយបទចម្រៀងដែលមានការគាំទ្រច្រើនពីទស្សនិកជនមានដូចជាបទ «សឹកហួសព្រោះស្នេហ៍», «ទឹកភ្នែកស្វាមីស្រីឡង់សេ», «ស្រីក្ងោកមាស», «ជំទាវអត់ក្រឹត» និងបទចម្រៀងជាច្រើនទៀត ដែលមកដល់ពេលនេះមានការទស្សនារាប់លាននាក់លើបណ្ដាញសង្គមផ្សេងៗដូចជាយូធូបជាដើម៕

មតិយោបល់