ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ស្នាដៃ «ពងពស់ក្រាយ» លោក ហង្ស អច្ឆរិយា បានទទួលមរណភាពហើយ ខណៈ ដែលគាត់ខំប្រឹងសរសេរអស់រយៈពេលជាង៤ឆ្នាំ

ការចាកចេញទៅនឹកស្មានមិនដល់របស់លោក ហង្ស អច្ឆរិយា បានធ្វើឱ្យសាច់ញាតិ និងគ្រប់គ្នាដែលជាមិត្តភក្តិជិតស្និទ្ធ ព្រម​ជាមួយ​អ្នកគាំទ្រ មានការ​សោកស្តាយ ​និងស្រណោះ​ជាពន់ពេក ​ចំ​ពោះ​​ការបាត់បង់​សិល្បករ និង ​ជាអ្នកនិពន្ធ​មួយរូប ​ពេញពោរទៅ​ដោយទេពកោសល្យ ​សមត្ថភាព។​

ជាមួយគ្នានោះ អ្នកនិពន្ធសៀវភៅ កូនចាបមាស ជាអ្នករាប់អានជិតស្និទ្ធ ក្រោយពីបានទទួលដំណឹងមរណភាពរបស់ ហង្ស អច្ឆរិយា នៅ​ព្រឹកថ្ងៃទី ​៣ ខែតុលានេះ ​ក៏បានបង្ហោះ​សាររំលែក​ទុក្ខ និងរៀបរាប់​​យ៉ាង​ស្លុត​ចិត្ត​​យ៉ាង​ដូច្នេះថា៖ ​«ខ្ញុំក្ដុកក្ដួលណាស់ ពេលដែល​បានទទួលដំណឹងថា​បងបានចាកចេញពីអ្នកគ្រប់គ្នា ​ហើយទៅជារៀងរហូតគ្មាន​ថ្ងៃនឹងត្រលប់វិលវិញ។ ​បងអើយ អ្នកគ្រប់គ្នា​ដែល​បាន​ដឹង​ដំណឹង​នេះ​ច្បាស់ជាមានសេចក្ដីស្រណោះ​ស្រណោក អាឡោះអាល័យជាពន់ពេកណាស់។ យើងទើប​តែបានឆាតជាមួយគ្នា​ម្សិលមិញនេះទេតើ ​ហើយបង​បាន​ប្រាប់​ថា ​បងធូរស្បើយ​គ្រាន់​បើ​ហើយ​… តែតាមពិតគឺប្រហែលបងបានទ្រាំខ្លាំងណាស់ហើយ

ក្នុងខ្លឹមសារនោះ បានបន្តថា៖ «កាលពីថ្ងៃទី៧ ខែកញ្ញា បងប្រាប់ថា បងត្រូវឡើងទៅផ្ទះឯបាត់ដំបង ហើយបងទៅតែ ២០ថ្ងៃទេ គឺដើមខែ​តុលានេះបងនឹងត្រលប់​មកភ្នំពេញវិញ ​ហើយ​បង​ក៏​មិនបានប្រាប់ឡើយងថាបងឈឺ ​ត្រូវទៅព្យាបាលជំងឺ ​គឺរហូតទាល់តែបងធ្លាក់ខ្លួនស្គមយ៉ាងខ្លាំង ​ខ្ញុំក៏បានឃើញរូបថតរបស់បង ​ហើយក៏បានផ្ញើប្រាក់ខ្លះសម្រាប់ថ្លៃការព្យាបាល និង​ចំណី​អាហារ​បរិភោគរបស់បង។ ប៉ុន្តែ​ឥឡូវ​នេះ​គឺផ្ទុយស្រឡះហើយបង… បងគ្មានថ្ងៃបានត្រលប់មកភ្នំពេញម្ដងទៀតឡើយ ហើយ​ស្នាដៃរបស់បង​ដែលរៀបនឹងបោះពុម្ពផ្សាយ​ទៅហើយ មាន​ប្រិយ​មិត្ត​​អ្នកអានជាច្រើនបាន​ទន្ទឹងរង់​ចាំ​​យ៉ាង​អន្ទះសា ​តើពួកគាត់មានអារម្មណ៍បែបណាទៅ ពេលដែលដឹងដំណឹងដ៏សោកសៅបែបនេះ? ម្ចាស់ស្នាដៃ «ពងពស់ក្រាយ» បាន​ចាក​ចេញ​ទៅ​ហើយ នៅឡើយ​តែស្នាដៃដែល​​គាត់​ខំ​ប្រឹង​សរសេរ​អស់រយៈ​ពេលជាង៤ឆ្នាំមកនេះ ​គឺរៀបនឹងចេញផ្សាយ​ទៅហើយ តែហេតុអ្វីបែរជាម្ចាស់​សៀវភៅ​មិនបានសូម្បីតែ​​កាន់​សៀវ​ភៅ​របស់ខ្លួន​ដោយផ្ទាល់​ដៃបានម្ដងបែបនេះ?»

ទីបញ្ចប់ យើងនៅតែមិនអាចពិពណ៌នាពីក្ដីសោកដោយការបាត់បង់មនុស្សដែលយើងគោរព ស្រឡាញ់ រាប់អានចេញពីចិត្ត ​នោះបានអស់​ដដែល។ ខ្ញុំបួងសួងសូម​ឱ្យដួងវិញ្ញាណ​ក្ខន្ធ​​បង​ប្រុស ​បានទៅកាន់ទីដ៏​សមគួរផងចុះ។ ចំពោះស្នាដៃដែលបង​បានបន្សល់មកនោះ គឺរង់ចាំឱ្យក្រុមគ្រួសារបងអ្នកចាត់​ចែងជាថ្មីចុះបង។ ដោយសេចក្ដីស្រណោះ អាឡោះ​អាល័យជា​ពន់​ពេក​…!»។​

ជុំវិញ​រឿងហេតុនេះ ហាក់មិនបានបញ្ជាក់ច្បាស់ថា តារាប្រុសរូបនេះ បាត់បង់ជីវិតដោយសារបញ្ហាអ្វីឡើយ ប៉ុន្ដែបើ​យើងក្រឡេកទៅមើល​គណនីតារាប្រុស ​ហង្ស អច្ឆរិយា វិញ ឃើញថា កា​ល​ពី​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោកបានបង្ហោះសារថា លោកមានអាការក្ដៅក្បាលខ្លាំង រហូតអ្នកម្ដាយរបស់លោកបាន ជ្រលក់ក្រមាពោះគោនឹងទឹក យក​មក​ចង​ក្បាល​ឲ្យត្រជាក់។ លោកក៏បានបន្ថែមទៀតថា លោកទើបតែចេញពីពេទ្យ ហើយត្រូវមកដេកលេបថ្នាំនៅផ្ទះ ហើយត្រូវបន្ដលេបថ្នាំរាប់ខែទៀតទើបជា។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់​ច្បាស់ៗ​ថា ​លោក​មានជំងឺ​រលាកក្រពះ និង រលាកពោះវៀនធ្ងន់ធ្ងរ រហូតមិនអាចដកដង្ហើមបាន និង ត្រូវដាក់អុកស៊ីហ្សែនទៀតផង៕

 

 

មតិយោបល់