ព័ត៌មានសិល្បៈ និងកម្សាន្ត

គំរូឈុតតំណាងជាតិរបស់បេក្ខនារីតំណាងកម្ពុជា ត្រៀមបង្ហាញលើឆាក «Miss Grand International»

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាព «Miss Grand International» កំពុងតែប្រព្រឹត្តិទៅនៅប្រទេសថៃ ក្នុងទីតាំងកោះភូកេត។ ក្នុងចំណោមបេក្ខនារីតំណាងប្រទេសជាច្រើនមកពីជុំវិញពិភពលោក ក៏មានបេក្ខនារីតំណាងប្រទេសកម្ពុជាចូលរួមផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ គឺគំរូនៃឈុតតំណាងជាតិ បានលេចរូបរាងឡើង យ៉ាងស្រស់សោភាតែម្តង។

ឈុតតំណាងជាតិរបស់បវរកញ្ញា ដែលត្រូវស្លៀកបង្ហាញលើឆាក «Miss Grand International» នៅថ្ងៃទី ៣០ វិច្ឆិកា ខាងមុខ ក៏ត្រូវបាន គេបង្ហាញរូបគម្រូជាគំនូរ មុននេះបន្តិច ដែលមើលទៅពិតជា អស្ចារ្យខ្លាំងណាស់ ជាពិសេសនោះគឺ ឈុតនេះធ្វើឲ្យ មហាជនជាច្រើន ផ្ទុះការគាំទ្រនិងពេញចិត្តស្កូក ព្រោះផ្ទាំងភ្ជាប់ក្រោយខ្នងបេក្ខនារី គឺមានព្យព្ជានៈទាំង ៣៣តួ បូករួមនឹង តួលេខខ្មែរថែមទៀតផង ដែលឈុតនេះ មានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»។

ពិតណាស់ការប្រកួត «Miss Grand International» ជាការប្រកួតសម្រស់មួយ ដែលមានប្រជាប្រិយភាព និងសម្លេងអ្នកគាំទ្រច្រើនទូទាំងប្រទេស ទន្ទឹមនឹងនោះ កម្ពុជាក៏ជ្រើសរើសបេក្ខនារី ដោយសម្រិតសម្រាំង ដើម្បីតំណាងកម្ពុជា ចូលរួមក្នុងការប្រកួត ដែលម្ចាស់មកុដបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា។ ជាមួយគ្នានេះ បណ្តាអ្នកគាំទ្របវរកញ្ញារូបនេះ ដាក់ការរំពឹងខ្ពស់នឹងទទួលបាន ចំណាត់ថ្នាក់មកមាតុភូមិវិញ ខណៈមុនទៅដល់ប្រទេសម្ចាស់ផ្ទះ រូបនាងឈរក្នុងលំដាប់ទី២ ក្នុងចំណោមបេក្ខនារី៥នាក់ផ្សេងទៀត ដែលទទួលបាន ការគាំទ្រច្រើនជាងគេ៕

មតិយោបល់