(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យទើបពន្លកថ្មី និងមានភាពល្បីល្បាញខ្លាំង ប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ទន្ទឹមនឹងមានភាពល្បីល្បាញ តាមរយៈការបង្កើតស្នាដៃដ៏លេចធ្លោរជាបន្តបន្ទាប់ហើយនោះ នៅពេលនេះស្រាប់តែនាង បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងលាន់មាត់កោតសរសើរគ្រប់គ្នា។ បើនិយាយទៅ តន់ ចន្ទសីម៉ា បានប្រកាសពីការ ឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន តារាចម្រៀងវ័យក្មេង ម្ចាស់បទ «Are You Ok?» បានបង្ហោះសារយ៉ាងដូច្នេះថា «នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះសីម៉ាទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗបីដោយទទួលបានប្រាក់ឈ្នួលដែលមិនធ្លាប់ស្រមៃពីមុនមក »។
តារាចម្រៀង តន់ ចន្ទសីម៉ា បានបន្តថា «នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ»។
គួរជម្រាបថា មួយរយៈចុងក្រោយនេះ តារាចម្រៀងគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រូវបានមហាជនខ្មែរ និងបរទេសចាប់អារម្មណ៍ជាខ្លាំង តាមរយៈការបង្ហើរសំនៀងក្នុងបទ «Are You Ok?» ដែលជាចម្រៀងផ្ទុះការគាំទ្រខ្លាំងពេញបណ្តាញសង្គមនានា រហូតបំបែកកំណត់ត្រា ក្លាយជាបទចម្រៀងទី១ នៅកម្ពុជាមានអ្នកចូលទស្សនាបានច្រើនដង ក្នុងរយៈពេលដ៏ខ្លី។ បទចម្រៀង «Are You Ok?» ដែលច្រៀងដោយ តន់ ចន្ទសីម៉ា មានអ្នកចូលស្តាប់រហូតដល់ ៦០លានដង ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ៕







មតិយោបល់