ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់ដៃគ្នា៩ឆ្នាំ ពេលនេះក្រុម Smallworld Smallband ប្រកាសរំសាយក្រុម

(ភ្នំពេញ)៖ បន្ទាប់ពីបានរួមក្រុមជាមួយគ្នា ក្រោមឈ្មោះ «Smallworld Smallband» នៅពេលនេះ សមាជិកទាំងអស់បានឯកភាពគ្នា រំសាយក្រុមជាផ្លូវការ នៅថ្ងៃឆ្លងឆ្នាំនេះ។

បើតាមផេកផ្លូវការរបស់ក្រុម Smallworld Smallband បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្ប: ៩ឆ្នាំ (២០១២-២០២១) របស់ SmallWorld SmallBand ក្រុមតូច ត្រូវបានបញ្ចប់» នៅថ្ងៃនេះហើយ។ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្ប:បន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។

ឆ្លៀតឱកាសពេលនេះ ក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្ប: ជាមួយក្រុមតូច តាំងពីថ្ងៃដំបូងមក ដល់ថ្ងៃនេះ។
អរគុណដល់សមាជិកក្រុមនីមួយៗ ក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២ របស់យើង។ ដោយសារតែតន្ត្រី បានធ្វើឲ្យពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់ បានធ្វើឲ្យពួកយើងនៅជាមួយគ្នា។
អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេ ម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនុះឡើយ។ អ្នកទាំងអស់គ្នាជាកម្លាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា។

អរគុណដល់ ភ្លើងគប់ និងក្រុមការងារភ្លើងគប់គ្រប់ផ្នែក ដែលបានចូលរួមសហការ រៀបចំ ការពារ ជ្រោមជ្រែង ដោយឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា ជាពិសេសការចូលរួមសម្រេចបំណងនៃបេសកកម្មផ្សព្វផ្សាយតន្ត្រីកម្ពុជា។ បន្ថែមពីនេះ ក្រុមតូច ក៏សូមអរគុណដល់ ភ្លេីងគប់ ដែលបានជួយបង្កើតឱកាសដល់ពួកយើងទាំងបួននាក់ ឲ្យបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនដូចជា មហោស្រពបុណ្យភូមិ ,ការសម្ភោធ Album ទាំង២ ,កម្មវិធី Smart Mega Concert ,ព្រឹត្តិការណ៍កីឡាជាតិ ,ការសម្តែងនៅប្រទេសជប៉ុន ,ការចូលរួមទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសថៃ និងការសម្តែងក្នុងកម្មវិធី Round Festival របស់ប្រទេសកូរ៉េ ជាដើម និងជាច្រេីនទៀត។

អរគុណដល់បុណ្យភូមិ និងឡេឡេបុណ្យភូមិ ដែលបានផ្តល់នូវអនុស្សាវរីយ៍ជាច្រើន និងអារម្មណ៏ជាគ្រួសារមកដល់ពួកយើង។
អរគុណដល់ក្រុមហ៊ុន SMART AXIATA ដែលបានក្លាយជាមិត្តដ៏ល្អចំពោះក្រុមតូច និងគាំទ្រនូវរាល់គំនិតថ្មីៗ ដែលក្រុមតូច មានឡើង។
អរគុណដល់ IZE Cola និង Chip Mong Commercial Bank (CMCB) ដែលផ្តល់កិត្តិយស ជ្រើសរើសក្រុមតូច ក្លាយជាទូតសុចន្ទ: ចំនួន២ឆ្នាំជាប់គ្នា។ អរគុណ ដែលបានផ្តល់ឱកាសឲ្យក្រុមតូច បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ និងមានតម្លៃមួយនេះ។

ក្រុមតូចអរគុណខ្លាំងណាស់។ សង្ឃឹមថាដំណឹងនេះ មិនមែនជាដំណឹងមិនល្អសំរាប់អ្នករាល់គ្នា តែផ្ទុយទៅវិញ នេះជាដំណឹង សំរាប់ការបើកទំព័រថ្មី នៃដំណើរតន្ត្រីថ្មី ពីសមាជិកក្រុមតូច។
អ្នកទាំងអស់គ្នានៅតែអាចស្តាប់បទចម្រៀងក្រុមតូច តាមទំព័រផ្លូវការរបស់ក្រុមតូច ដែលមានក្នុង Facebook និង Youtube ។
ក្រុមតូចសូមជូនពរឆ្នាំថ្មី សិរីសួស្តី មានដល់អ្នករាល់គ្នា។ សប្បាយចិត្តឲ្យបានច្រើន និងថែរក្សារសុខភាពផងណា៎។ ដោយសេចក្តីគោរព និងស្រលាញ់ពីក្រុមតូច
កេសរ | ភិរម្យ | ពេជ្ជរិទ្ធ | ដេវីដ»។

មតិយោបល់