(ភ្នំពេញ)៖ លោក លៀក លីដា ទើបទទួលបានពានរង្វាន់ Director producer of the year ពីកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា។ នៅចំពោះមុខផលិតករជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានឈរកាន់ពានរង្វាន់ក្នុងទឹកមុខដ៏ភ្ញាក់ផ្អើល។
ទន្ទឹមគ្នានេះចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ក៏ទទួលបានការកោតសរសើរពីតំណាងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើស្នាដៃដ៏អស្ចារ្យក្នុងការផលិតរឿងខ្នាតធំ។ ក្នុងឱកាសទទួលពានរង្វាន់កាលពីព្រឹកមិញ មហោស្រពក៏បានរំលេចនូវរឿងចំនួនពីររបស់លោក លៀក លីដា គឺរឿង “នាឡិកាដាស់វិញ្ញាណ” ឬThe clock និងរឿង “លោកប៉ាមហាកូរ”។ កន្លងរឿង នាឡិកាដាស់វិញ្ញាណ ទទួលបានការគាំទ្រខ្លាំងនៅតាមរោងភាពយន្ដល្បី។ រីឯរឿង “លោកប៉ាមហាកូរ គ្រោងនឹងដាក់បញ្ចាំងនៅក្នុង រោងភាពយន្ដ នៅ ក្នុង ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ។
ក្នុងឱកាសធ្វើសន្និសីទកាសែត និងប្រគល់ពានរង្វាន់របស់មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា នៅសណ្ឋាគារ Rosewood នៃអគារវឌ្ឍនៈកាលពីព្រឹកមិញ គេក៏ឃើញផលិតករល្បីៗពីរបីនាក់ទៀតដែរបានទទួលពានរង្វាន់ដូចគ្នានេះ។ ក្នុងនោះមានដូចជា៖ លោក នាង កាវ៉ិច កញ្ញា រ៉េត សារីតា និងកូនស្រីស្ដេចវីយូឡុង អ៊ំ ដរ៉ា គឺកញ្ញា សំ ថារ័ត្ន ជាដើម៕




មតិយោបល់