ស្វាយរៀងៈ លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបើកឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០១៧ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលមានអ្នកមកដេញថ្លៃភាស៊ីជាច្រើននាក់។
ថ្លែងក្នុងពិធីនោះ លោកសំ ប៊ុណ្ណារិន បានមានប្រសាសន៍ថា ការដេញថ្លៃភាស៊ីនេះ គឺដេញថ្លៃឡើងពីតម្លៃមូលដ្ឋាន វាខុសពីការដេញថ្លៃលទ្ធកម្ម ហើយអស់លោក លោកស្រី ត្រូវយល់កាន់តែច្បាស់អំពីបញ្ហាភាស៊ី ស្គាល់ច្បាស់អំពីផលរបរក្នុងមូលដ្ឋាននីមួយៗដែលខ្លួនមានដាក់ពាក្យ ព្រោះអស់លោក លោកស្រី ត្រូវខិតខំប្រមូលចំណូលមួយផ្នែកបង់ចំណូលចូលថវិកាខេត្ត មួយចំណែកទៀតសម្រាប់ប្រាក់ចំណេញរបស់ខ្លួនផង និងផ្គត់ផ្គង់ភ្នាក់ងារភាស៊ីដែលត្រូវដើរទារភាស៊ីតាមមុខសញ្ញានីមួយៗ ហើយការដេញថ្លៃជាបីតំណាក់កាល។
លោកសំ ប៊ុណ្ណារិន បានបន្តទៀតថា អស់លោកលោកស្រីដែលដេញថ្លៃភាស៊ីបានហើយ ត្រូវអនុវត្តន៍ឲ្យខាងតែបាននូវអ្វីដែលមានចែងក្នុងសៀវភៅបន្ទុក និងកិច្ចសន្យាទី១ ត្រូវមានភ្នាក់ងារភាស៊ី ទី២ត្រូវមានប័ណ្ណសម្គាល់ភ្នាក់ងារភាស៊ីដែលចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ទី៣ត្រូវរៀបចំគណៈកម្មការផ្សារ(ការការពារសណ្តាប់ធ្នាប់សន្តិសុខ)ក្នុងទីតាំងរបស់ខ្លួន ទី៤ត្រូវមានស្នាក់ការភាស៊ី ទី៥ត្រូវធ្វើអនាម័យឲ្យបានល្អជាប្រចាំ ទី៦ត្រូវបិទផ្សាយតម្លៃទារភាស៊ីជាសាធារណៈ ទី៧ត្រូវគោរពឲ្យបានទៀងទាត់នូវកាតព្វកិច្ចបង់ចំណូលចូលថវិការខេត្តតាមខែនីមួយៗ។ល។ ហើយប្រសិនបើលោក លោកស្រី មិនគោរពតាមសៀវភៅបន្ទុក និងកិច្ចសន្យា ហើយមានការណែនាំអប់រំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏ដូចជាអាជ្ញាធរនៅមិនរៀងចាលនោះទេ អស់លោក លោកស្រីនឹងត្រូវដកសិទ្ធិធ្វើអាជីវកម្ម និងត្រូវជាប់ពិន័យមិនឲ្យចូលរួមដេញថ្លៃភាស៊ីលើកក្រោយរយៈពេល៣ឆ្នាំផងដែរ។
សូមបញ្ជាក់ថា អ្នកដែលមកចូលដេញថ្លៃភាស៊ីនេះ បានដាក់ពាក្យមាន៩ពាក្យ និងយកមកដាក់មានចំនួន៩ពាក្យស្មើនឹង៧ទីតាំងនៅខេត្តស្វាយរៀង ក្នុងនោះផ្សារវាលយន្តស្វាយរៀង គឺមានតម្លៃច្រើនជាងគេដោយមានតម្លៃដាក់ឲ្យដេញនូវទឹកប្រាក់៣៨០លានរៀល បានទៅឈ្មោះ ម៉ាន់ រីណា ដេញបាន៤១៥ ៩០០ ០០០រៀល៕
មតិយោបល់