កំពង់ស្ពឺ: ក្រុម កម្មករ-កម្មការិនី រោងចក្រ កាបូបវីកកូ ជាង ៥០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខរោងចក្រ បន្ទាប់ពីថៅកែ បានប្រកាសបិទទ្វារ បណ្ដោះអាសន្ន និងសន្យា បើកដំណើរការវិញ ក្នុងដើមខែឧសភា នេះ ប៉ុន្តែពេលកម្មករមកសួរនាំ ត្រូវបានក្រុមសន្តិសុខ បិទទ្វារ មិនអនុញ្ញាតិឱ្យពួកគាត់ ចូលក្នុងរោងចក្រឡើយ។
ការប្រមូលផ្ដុំ ក្រុមកម្មករ-កម្មការិនី រោងចក្រខាងលើ កាលពីម៉ោង០៧ និង៤០នាទី ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នេះ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រុមកម្មករ-កម្មការិនី ដែលឈរមុខរោងចក្រ បានប្រាប់ថា ពួកគាត់ បានបាត់បង់ និងអត់ការធ្វើ រយៈពេលប្រមាណ ៣ខែ កន្លងមកហើយ ក្រោយពីថៅរោងចក្រ ប្រកាសបិតទ្វារ ជាបណ្ដោះអាសន្ន ហើយខាងតំណាងរោងចក្រ សន្យា ជាមួយបងប្អូនកម្មករ បើកដំណើរការវិញ ក្នុងខែឧសភា នេះ តែមើលទៅដូចជា គ្មានសង្ឃឹមសោះ។
ពួកគាត់ បានបន្តថា កម្មករទាំងអស់គ្នា មិនតវ៉ាទាមទារអ្វីនោះទេ គឺចង់ចូលធ្វើការងារធម្មតា ប៉ុន្តែប្រសិនបើមានការយឺតយ៉ាវ ក្នុងការដំណើររោងចក្រឡើងវិញ បែបនេះ ពួកគាត់ អាចនឹងផ្ទុះការតវ៉ា ដើម្បីទាមទារ ប្រាក់អតីតភាពការងារ ប្រាក់ ៥ភាគរយ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត ដែលថៅកែរោងចក្រ មិនទាន់បានទូរទាត់ ជូនកម្មករ ឡើយ។
ពួកគាត់ បានបន្តថា រោងចក្រ កាបូបវីកកូ នេះ បានប្រកាសក្ស័យធន តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ម្ល៉េះ ដោយបានសម្រេចបិទទ្វារ បណ្ដោះអាសន្នមួយរយៈសិន នឹងសន្យាបើកឡើងវិញ នៅខែឧសភា នេះ ប៉ុន្តែដល់ពេលកំណត់ ដូចជាគ្មានអ្វីប្លែកសោះ រោងចក្រ នៅតែបិទទ្វារ ដដែល។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានប្រាប់ថា ករណីនេះ មិនមែនកម្មករមកតវ៉ាទេ ពួកគាត់មក ដើម្បីចូលធ្វើការងារវិញ ប៉ុន្តែសង្ស័យថា ថៅកែក្ស័យធន់ បានបិទទ្វារ រត់ទៅបាត់ហើយ ប៉ុន្តែយើងមិនមានដីការ សម្រេចរក្សាការពារ រាល់សម្ភារៈ នៅក្នុងរោងចក្រ ទាំងអស់ទេ។ លោកបន្តថា រហូតពេលនេះ មានថៅកែផ្សេងចូលមកជំនួសបន្តហើយ គ្រាន់តែមិនទាន់ដឹកឥវ៉ាន់ ចូលរោងចក្រ ប៉ុណ្ណោះ ពេលនេះ ខាងជំនាញ កំពុងស្វែងរកថៅកែថ្មី ដើម្បីចចារគ្នា រឿងកម្មករចាស់ នឹងត្រូវយកវិញ ឬយ៉ាងណានោះ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា កម្មករ-កម្មការិនី ដែលបំរើការងារ ក្នុងរោងចក្រកាបួបវីកកូ ហ៊ែលប៊ែក មានចំនួនសរុប ១០១៧នាក់ ប្រុស ១១៤នាក់ ត្រូវបានក្រុមហ៊ុនព្យួរការ អស់រយៈពេល ២ខែ ហើយដល់ថ្ងៃទី០១ ខែឧសភា នេះ ត្រូវវិលចូលវិញ ប៉ុន្តែក្រុមហ៊ុន បានបិទទ្វារ និងគ្មានតំណាងក្រុមហ៊ុនណាម្នាក់ នៅប្រចាំការឡើយ។
លោក បានបន្តថា តាមព័ត៌មាន ថៅកែក្រុមហ៊ុន ត្រូវបានម្ចាស់បំណុល ប្តឹងទៅតុលាការ សុំដីកាសម្រេចរក្សាការពារ ក្នុងអំឡុងពេលព្យួរការងារ ហើយពេលនេះ ខាងមន្ទីរ កំពុងតែធ្វើការងារ ជាមួយតំណាងកម្មករ សហជីពប្រចាំរោងចក្រ ដើម្បីដោះស្រាយ ជូនបងប្អូនកម្មករ ផងដែរ៕
មតិយោបល់