ព័ត៌មានជាតិ

ចាប់រថយន្តជិត១៥០គ្រឿង ទម្លាក់ទំនិញចុះ មុនអនុញ្ញាតឲ្យចរាចរលើដងផ្លូវ

ភ្នំពេញៈ រថយន្តធុនធំដឹកលើសទម្ងន់កំណត់នៃច្បាប់ជិត១៥០គ្រឿង ត្រូវបានមន្ត្រីក្រសួងសាធារណការ ចាប់ឲ្យរើទម្លាក់ទំនិញចុះ និងពិន័យជាប្រាក់ប្រមាណជាង២៥១លានរៀល។ នេះបើតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

ក្នុងខែវិច្ឆិកា ឆ្នាំ​២០១៦ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន១៤៤គ្រឿង និងពិន័យបានថវិកាសរុបចំនួន ២៥១.៤៧០.០០០រៀល។

ជាមួយគ្នា គេសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន៥៥គ្រឿង គឺពី៨៩គ្រឿង ក្នុងខែតុលា មក១៤៤គ្រឿង ក្នុងខែវិច្ឆិកានេះ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី៤តោន រហូតដល់១៦តោន៕

មតិយោបល់