ថៃៈ ថ្នាំញៀនប្រភេទស្លឹកឈើស្រស់ ដែលជាប្រភេទគ្រឿងញៀនលំដាប់ទី៥ ប្រមាណជាង៦០០ គីឡូក្រាម ត្រូវបានក្រុមយោធាថៃរឹបអូស ខណៈកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃម៉ាឡេស៊ីដោយមិនទាន់រកម្ចាស់ឃើញឡើយ។
យោងតាមរបាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងយោធាក្នុងអង្គភាពលេខ ៥០២១ ការពារព្រំដែន តាមខ្សែបន្ទាត់ថៃ-ម៉ាឡេស៊ី បានធ្វើការចេញប្រតិបត្តិការល្បាតតាមខ្សែបន្ទាត់ បន្ទាប់ពីទទួលព័ត៌មានពីប្រភពកម្លាំងស៊ើបអង្កេតស្តីពីករណីជួញដូគ្រឿងញៀន។
លុះការចេញល្បាតនេះ ទៅដល់ត្រង់ចំណុច បានតាក់ឡូ ស្ថិតក្នុងភូមិ៨ ឃុំប៉ាដាំងបេសាស្រុកស្តៅ ខេត្តសុងខ្លា ប្រទេសថៃ ក៏បានប្រទះឃើញគ្រឿងញៀនប្រភេទស្លឹកឈើស្រស់ ដែលជនមិនស្គាល់មុខលាក់ទុកនៅក្នុងព្រៃ ដែលគ្រឿងញៀននេះមានឈ្មោះ ស្លឹកក្រាក់ថំជាប្រភេទគ្រឿងញៀនម៉្យាងសម្រាប់ទំពារលេបរួចផឹកទឹកតាមក្រោយ គឺអាចផ្តល់នូវថាមពលខ្លាំង ដោយមិនមានការងងុយដេកថែមទៀតផង គឺភាគច្រើនអ្នកដែលប្រើប្រាស់គ្រឿងញៀនប្រភេទទី៥នេះ ជាកម្មករសំណង់ ឬក៏ជាអ្នកបើកបររថយន្ត ។ល។
ស្លឹកថ្នាំញៀន ដែលកម្លាំងយោធារឹបអូសនេះ គឺគេបានរៀបចំវេចខ្ចប់យ៉ាងស្អាត ដោយសរុប គឺមានទម្ងន់ជាង៦០០ គីឡូក្រាម។ ក្រោយពីរឹបអូសរួច កម្លាំងបានប្រមូល រួចប្រគល់ទៅឲ្យកម្លាំងជំនាញចាត់ចែងតាមនីតិវិធីច្បាប់។ ដោយឡែកមុខសញ្ញា គឺកម្លាំងកំពុងធ្វើការស៊ើបអង្គេត ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់