ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះបន្ទប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈភាសាកូរ៉េ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក មូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើងនៅជាន់ទី១ ខណៈនោះបុគ្គលិកក្នុងមជ្ឈមណ្ឌលខាងលើ បាននាំគ្នាដងទឹកជះ និងប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចេញមកធ្វើអន្តរាគមន៍បាញ់ទឹក អស់១ស៊ីទែនទើបភ្លើងបានរលត់ទៅវិញ ហើយមិនមាននរណាម្នាក់រងគ្រោះនោះឡើយ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៣៥០ តាមបណ្ដោយផ្លូវលេខ២១K ក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់បន្ទប់ដែលត្រូវបានភ្លើងឆេះនោះមានឈ្មោះ ពុំ រិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ ជាបុគ្គលិកមជ្ឈមណ្ឌលខាងលើ។
ប្រភពព័ត៌មានពីបុគ្គលិកនៅទីនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានធំក្លិនឈ្ងៀមចេញពីក្នុងបន្ទប់នោះ ប៉ុន្តែភ្លាមមិនបានចាប់អារម្មណ៍ថាមានរឿងអ្វីកើតឡើងនោះទេ លុះបន្តិចក្រោយមក ស្រាប់តែមានផ្សែងហុយចេញមកក្រៅ ទើបមានការភ្ញាក់ផ្អើល ដោយអគ្គិភ័យបានឆាបឆេះបន្ទប់នោះ និងសង្ស័យ បណ្ដាលមកពីទុស្សេខ្សែភ្លើង។ ខណៈនោះពួកគាតបាននាំគ្នា ដងទឹកជះ និងបានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ព្រមទាំងបានរាយការណ៍ជូនដល់អាជ្ញាធរ សុំឲ្យជួយអន្តរាគមន៍ និងសុំរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ហើយក្រោយពេលបាញ់អស់ទឹក១ស៊ីទែន ទើបរលត់ទៅវិញទាំងស្រុង។ មិនតែប៉ុណ្ណោះនៅក្នុងហេតុការណ៍នោះ ក៏មិនបាន បណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះនោះឡើយ គ្រាន់តែរងការខូចសម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់មួយចំនួន៕
មតិយោបល់