ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលត្រាច ធ្វើការចាប់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ ថាបានធ្វើសកម្មភាពអូសកូនស្រីរបស់គាត់ ដែលមានអាយុ៨ឆ្នាំ ចូលបន្ទប់ទឹក រួចធ្វើសកម្មភាពប្រទូស្តកេរ្ត៍ខ្មាស់ទៅលើនាង។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ឈុំ កុំ ភេទប្រុស អាយុ៤៨ ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ជ.ល.ត អាយុទើបតែ៨ឆ្នាំ ដោយមានឪពុកឈ្មោះ សុទ្ធ ជា អាយុ ៣៩ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្បាលត្រាច ទទួលបានពាក្យបណ្តឹងពីឪពុករបស់ក្មេងស្រីរងគ្រោះ ថា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ មានជនសង្ស័យឈ្មោះ ឈុំ កុំ ខាងលើនេះ បាន នាំកូនស្រីរបស់ខ្លួនដែលមានអាយុ៨ឆ្នាំ ចូលទៅក្នុងបន្ទប់ទឹក រួចហើយចាប់សម្រាតខោ ធ្វើសកម្មភាពប្រទូស្តកេរ្ត៍ខ្មាស់ទៅលើកូនរបស់គាត់។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះ បានធ្វើសកម្មខាងលើ បានរយៈពេល៣ដង មកហើយ តែឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះទើបនឹងដឹង និងបានឃើញលើកទី៣នេះទៅហើយ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាមៗ សមត្ថកិច្ចបានដឹកនាំកម្លាំងបើកការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើនេះ តែម្តងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើប្រទូស្តកេរ្ត៍ខ្មាស់ទៅលើ ក្មេងស្រីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់ព្រះរាជអាជ្ញាអមសាលាដំបូងពោធិ៍សាត់ ចុះថ្ងៃទី
២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤និង១៤នាទី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរូបនេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់