បន្ទាយមានជ័យៈ កុមារីម្នាក់ ត្រូវបានពស់ចឹកស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ សុង សុខា (ហៅ ឌឿន) អាយុ៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកបានបន្តថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះកំពុងជិះកង់មកពីលេងផ្ទះបងប្អូន ក៏ត្រូវបានពស់ចឹកតែម្ដង ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុកអារញ្ញ ប្រទេសថៃ តែអកុសលទៅដល់មន្ទីពេទ្យរយៈពេលប្រហែលជាងមួយម៉ោង កុមារីរងគ្រោះបានស្លាប់តែម្ដង។
បើតាមសម្ដីក្រុមគ្រួសារកុមារីរងគ្រោះបានប្រាប់ឲ្យដឹងថា ពេលទៅដល់មន្ទីរពេទ្យស្រុកអារញ្ញប្រទេសថៃ គ្រូពេទ្យប្រាប់ថា យឺតពេលទៅហើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យប្រឹងអស់លទ្ធភាពជួយសង្រ្គោះតែសង្រ្គោះមិនបាន។ បច្ចុប្បន្នសពកុមារីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់