ព័ត៌មានជាតិ

ឆក់កាបូបបានហើយ តែមិនរួចផុតពីប្រព័ន្ធGPS ត្រូវសមត្ថកិច្ចចាប់បាន២នាក់ នៅខ័ណ្ឌទួលគោក

ភ្នំពេញ: កំលាំងល្បាតរបស់នគរបាលរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួច (ឆក់កាបូប) នាវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខ មជ្ឈមណ្ឌលទួលគោក ផ្លូវលេខ៣១៥ ក្រុមទី៣០ ក្រុមទី៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យ ទី១-ឈ្មោះ សេង សីហា ហៅ ហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០B១ វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ហេង ម៉េងលាង ហៅ តឿ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ សិស្សថ្នាក់ទី១០A២ វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៥៦៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឃឹម មរកត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនកូកាកូឡា ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា សំភារ:បាត់បង់រួមមាន កាបូបស្ពាយពណ៌ប្រផេះ ក្នុងនោះមាន ទូរស័ព្ទពីរគ្រឿងម៉ាក Iphone6s ពណ៌មាស មានស៊ីមលេខ 093 804788 និងទូរស័ព្ទម៉ាក Huiwai ពណ៌ស មានស៊ីមលេខ 089 834 443 លុយចំនួន២៥$ កាតATM០២សន្លឹក និងកូនសោរផ្ទះ។ វត្ថុតាងដែលបានចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ក្រហមលាយស ស៊េរី2016 ពាក់ស្លាកលេខភ្នំពេញ1GC-8558 មានលេខតួ 320963 និងលេខម៉ាស៊ីន 320891 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព)។

យោងតាមកំណត់ហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CY-3711 តែម្នាក់មកដល់ចំណុចមុខមជ្ឈមណ្ឌលទួលគោក ស្រាប់តែមានជនសង្ស័យ០៦នាក់ ជិះម៉ូតូបីគ្រឿងម៉ាក Honda PCX ពណ៌ស Honda C125 ពណ៌ខ្មៅស៊េរី2017 និងម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហមលាយស បានតាមពីក្រោយជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ ប្រហែលកន្លះម៉ោងក្រោយមកជនរងគ្រោះបានឆែកទូរស័ព្ទដែលមានបំពាក់ប្រព័ន្ធGPS ហើយបានឃើញ សញ្ញានៅផ្លូវលេខ៣១៩ សង្កាត់បឹងកក់ទី២ ហើយមកប្តឹងសមត្ថកិច្ច។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៏ឃាត់ខ្លួនបានជន សង្ស័យ០២នាក់ ចំណែកជនសង្ស័យ០៤នាក់ទៀត បានយកកាបូបរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់