ភ្នំពេញៈ ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប បន្ទាប់ពីត្រូវជនសង្ស័យ បង្ករបួសស្នាម ខណៈប៉ះសំដីគ្នាមួយប្រ៉ាវ ជនសង្ស័យទ្រាំមិនបានបានវាយមកលើជនរងគ្រោះដោយបោកកែវនិងចានបណ្តាលឲ្យជនរងគ្រោះរងរបួសជើងស្តាំ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០និង១០នាទី យប់នៅចំណុចក្នុងផ្ទះសំណាក់ យីហោភូមិមាស ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លី លីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកស្ថានីយ៍ប្រេងសាំង ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។(រត់គេចខ្លួន)
ចំណែកជនរងគ្រោះឈ្មោះ សន និមល ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ រស់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសជើងស្តាំ)។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស៊ីជាមួយប្រពន្ធ របស់ជនសង្ស័យ ក្រោយមកជនសង្ស័យបានមកដល់ រួចក៏បានប៉ះពាក្យសម្តីគ្នាជាមួយជនរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នានិងជេរគ្នាទៅវិញទៅមក បន្ទាប់មកជនសង្ស័យទ្រាំពុំបានបានវាយមកលើជនរងគ្រោះដោយបោកកែវនិងចានបណ្តាលឲ្យត្រូវជើងស្តាំរងរបួស។ ក្រោយកើតហេតុជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់។
ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះ លី លីន ដែលបានប្រើអំពើហិង្សាដោយចេតនាមកលើខ្លួន៕
មតិយោបល់