Post News Media ព័ត៌មានជាតិ បុរសពីរនាក់ ច...

បុរសពីរនាក់ ចេញពីផឹកស៊ី ជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: បុរសពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីអ្នកទាំងពីរ មានជម្លោះនៅកន្លែងផឹកស៊ីជាមួយគ្នា ក្នុងហាងខារ៉ាអូខេគ្រួរសារមួយកន្លែង ដោយជិះម៉ូតូដេញវាយគ្នា បង្កឲ្យមានរបួសស្នាមទាំងសងខាង នៅតាមផ្លូវនោះ។

ការឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមសមត្ថកិច្ច បានឲ្យដឹងថា បុរសទាំងពីរនាក់ ទី១ ឈ្មោះ កៅ ហាន់ស៊ាន អាយុ ៣០ឆ្នាំ មុខរបរមេការខារ៉ាអូខេយីហោ រ៉ូមែនទិច ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន និងទី២ ឈ្មោះ ចាន់ វណ្ណារ៉ា អាយុ ៤៣ឆ្នាំ អាយុ ៤៣ឆ្នាំ មុខរបរជាងម៉ាស៊ីន នៅខារ៉ាអូខេ រ៉ូមែនទិច ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

មុនពេលកកើតហេតុ នៅវេលាម៉ោងប្រហែង ៧ ព្រឹក ថ្ងៃទី ១២ ខែ កុម្ភ: អ្នកទាំងពីរបានធ្វើការងារជាមួយគ្នា ដោយក្នុងនោះ មានគ្នាសរុប ៥នាក់ ហើយខណ:ពេលចេញពីធ្វើការងារ នៅហាងខារ៉ាអូខេ រ៉ូមែនទិចនោះ បាននាំគ្នាទៅផឹកស៊ីនៅហាងខារ៉ាអូខេគ្រួសារមួយកន្លែង ដែលមានទីតាំងខាងលើ ។ ក្រោយពេលដែលធ្វើការផឹកស៊ីរួចហើយ បុរសម្នាក់ឈ្មោះ ចាន់ សុវណ្ណារ៉ា ជិះម៉ូតូចេញមុនដោយមិនបានជួយចេញថ្លៃផឹកស៊ីនោះទេ ជាហេតុធ្វើឲ្យមានជម្លោះ ជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន បុរសទាំងពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ រួចក៏ធ្វើការដោះលែងទៅផ្ទះរៀងៗខ្លួនវិញផងដែរ៕