ព័ត៌មានជាតិ

សន្តិសុខសាលាខណ្ឌដង្កោ ផ្ទុះហិង្សាជាមួយក្មេងស្ទាវ បែរជាយកខ្នោះដៃទៅដាក់គេ ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ ករណីហិង្សាទំនាស់គ្នា រវាងមនុស្សប្រុសស្រី៣នាក់ ជាមួយសន្តិសុខសាលាខណ្ឌដង្កោ បណ្តាលឲ្យបុរសម្នាក់ រងរបួសដៃខាងស្តាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការអប់រំ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ផ្លូវ២១៧ កែងនឹងផ្លូវ៦០ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បក្ខពួកទាំង សងខាងមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថាមានរឿងអ្វីនោះទេ ដោយគ្រាន់តែឃើញបុរស៣នាក់ ដែលគេស្គាល់ថាជាប្រជាការពារ របស់សាលាខណ្ឌដង្កោ បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌លឿង បិតតែមខ្មៅ ជិះដោយក្មេងស្ទាវ៣នាក់ ក្នុងនោះមានស្រីម្នាក់ បានជិះមកក្នុងទិសដៅស្របគ្នា ។ លុះមកដល់ចំណុចកើត មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែបក្ខពួកទាំងសងខាង បានធ្វើការវាយប្រតាយ ប្រតប់គ្នាទៅវិញទៅមក ស្រាប់តែនារីម្នាក់ ក្នុងចំណោមបក្ខពួក៣ នាក់បានរត់គេខ្លួនបាត់ នៅសល់តែបុរស២នាក់ បានរត់ទៅចូលក្នុងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។ លុះបន្តិចក្រោយមក គេឃើញមានរថយន្តរបស់សាលាខណ្ឌដង្កោ មួយគ្រឿង បានដឹកមនុស្សមួយក្រុម មកកន្លែងកើតហេតុ រួចហើយបាននាំគ្នាព្រួតវាយទៅលើបុរសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បណ្តាលឲ្យរងរបួសដៃខាងស្តាំ បន្តិចបន្តួច រួចក៏បានយកខ្នោះ មកដាក់បុរសម្នាក់ក្នងចំណោម២នាក់ ដាក់ក្នុងរថយន្តដឹក យកប៉ុស្តិ៍នគរបាលដង្កោ ។

នៅពេលមកដល់ប៉ុស្តិ៍នគរបាល ភាគីខាងម៉ូតូនិច ដែលមានគ្នា៣នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រីម្នាក់ បាននិយាយថា ពួកគេមានគ្នា៣នាក់ បានចេញពីម្តុំសាលាកសិកម្មចំការដូង គោលបំណងទៅលេងផ្ទះបងប្អូននៅម្ដុំផ្លូវ៦០ម៉ែត្រ ក្បែរកន្លែងកើតហេតុខាងលើ ដោយបានជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌លឿងបិតតែមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-194O ធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរស៣នាក់ ដែលគេស្គាល់ថាជាប្រជាការពាររបស់សាលាខណ្ឌដង្កោ បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរស្របទិសគ្នា ពេលនោះ បានជិះមកជិតពួកគេ រួចហើយបានយកជើងអូសដី ឡើងហុយសំពោង ហើយមើលមុខពួកគេគេទៀត ពេលនោះដោយសារតែពួកគេរៀងស្រវឹងបន្តិចផង ក៏និយាយស្រែកឲ្យ ទៅខាងប្រជាការពាររបស់សាលាខណ្ឌដង្កោ មើលមុខអី ពេលនោះក៏ភាគីខាងប្រជាការពារខណ្ឌ ខឹងបាននាំ ឈប់ម៉ូតូមកព្រួតវាយទៅពួកគេរួចហើយបានទាំងហៅគ្នីគ្នា មួយរថយន្តបន្ថែមទៀត មកធ្វើការឃាត់ខ្លួននិងវាយខ្នោះដៃពួកគេ ហើយបានយកទូរសព្ទដៃម៉ាកIPhone 5 របស់ពួកគេមួយគ្រឿងទៀត និងបានដាក់ពួកគេក្នុងរថយន្តដឹកយកទៅប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរតែម្ដង។

ដោយឡែកខាងប្រជាការពាររបស់សាលាខណ្ឌដង្កោវិញបាននិយាយថា ពួកគេមានគ្នា៣នាក់ បានចេញពីកន្លែងធ្វើការនៅសាលាខណ្ឌដង្កោ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បានជិះម៉ូតូ២គ្រឿង ម៉ាកស្មាសមួយគ្រឿង និងម៉ូតូដឹកស្មៅគោមួយគ្រឿង បានធ្វើដំណើរតាមផ្លូវ ២១៧ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានបុរស២នាក់និងនារីម្នាក់ បានជិះម៉ូតូម៉ាកស៊ុយសាគីនិច មកជិតពួកគេរួចហើយ បានស្រែកឲ្យពួកគេ ថាមើលមុខអី ស្រាប់តែពេលនោះខាងម៉ូតូនិច បានជិះទៅមុខបន្តិចរួចឈប់ម៉ូតូ បម្រុងធ្វើស៊ីពួកគេ ដោយខាងម៉ូតូនិចនិងបានយកមួកសុវត្ថិភាពវាយទៅលើពួកគេមុន ទើបពួកគេនិង បានបោះដៃតាមវិទ្យុទាក់ទង ឲ្យកម្លាំងគ្នីគ្នា មកជួយឃាត់ខ្លួនបុរសទាំងនោះ ព្រមទាំងម៉ូតូមួយគ្រឿងយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោតែម្ដងទៅ ។ ហើយចំពោះរបួសស្នាមនៅខ្លួនបុរសម្នាក់ដែរជិះម៉ូតូនិច មិនដឹងថាអ្នកណាជាអ្នកវាយ ឲ្យប្រាកដនោះទេ ព្រោះពេលនោះក៏មានប្រជាពលរដ្ឋ ដែលនៅក្បែរនោះបានចូលរួមវាយដែរ ហើយចំណែក ទូរសព្ទដែលខាងម៉ូតូនិច ចោទថាពួកក្រុមប្រជាការពាររបស់សាលាខណ្ឌដង្កោ យកនោះគឺមិនពិតដូចសម្តី ដែលខាងម៉ូតូនិចចោទមកលើពួកគេនោះ ហើយពួកគេក៏មិនបានយកដែរ ។

ក្រោយពេលសមត្ថកិច្ចសាកសួរ ជនបង្ករទាំងសងខាងរួចហើយ ក៏មិនមានអ្នកណាប្តឹងខាងណានោះទេ គឺសុំចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ស្របពេលនោះសមត្ថកិច្ចក៏ធ្វើការណែនាំអប់រំទៅភាគីទាំងសងខាង ដោយបានដាក់បន្ទុកឲ្យទៅខាងប្រជាការពាររបស់សាលាខណ្ឌដង្កោ រឿងយកខ្នោះទៅដាក់គេនោះ គឺមិនត្រឹមត្រូវនោះទេ គឺខ្នោះនេះគេប្រើសម្រាប់តែសម្ថកិច្ច និងមន្ត្រីកងរាជអាវុធហត្ថតែប៉ុណ្ណោះ ដែលមានសិទ្ធិដាក់ខ្នោះគេបាន។

បន្ទាប់ពីអប់រំណែនាំ រួចភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ៕

https://youtu.be/0EqSN868lIA

មតិយោបល់