ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនជាប់ចោទ ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណី បើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខុសច្បាប់។
យោងតាមប្រភពពីសមត្ថកិច្ច ជនជាប់ចោទទី១-ឈ្មោះ ញ៉ែម សារុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី និងទី២-ឈ្មោះ ថាច់ ថង់ ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះគ្មានលេខ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ កន្លងទៅកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដោយមានការ សម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ ៧៧៧៧ ស្ថិតនៅផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយសង្ស័យថា មានបង្កប់សេវាផ្លូវភេទដោយខុសច្បាប់។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរំដោះស្ត្រីជាជនរងគ្រោះចំនួន ៤នាក់ និងរកឃើញវត្ថុតាងមួយចំនួន ដូចជា ស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ មួយចំនួនធំ សៀវភៅកត់ត្រាបញ្ជីមួយចំនួនផងដែរ៕
https://youtu.be/HKYL4II2S7o
មតិយោបល់