ព័ត៌មានជាតិ

ករណីហិង្សា! ប្តីវាយប្រពន្ធបោចសក់ផ្តួលទៅលើគ្រែ និងទាត់មួយជើងចំកញ្ចឹងករងរបួសធ្ងន់

កណ្ដាល: ថ្ងៃអាទិត្យទី ៧កើត ខែស្រពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីប្រើអំពើហិង្សាមួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល រវាងប្តីប្រពន្ធពីរនាក់ ខណ:ពេលផឹកស៊ីនិងច្រៀងកម្សាន្ត បណ្តាលឲ្យប្រពន្ធរងរបួស នៅចំណុចភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុណជនរងគ្រោះបានទៅអង្គុយលេងផ្ទះអ្នកជិតខាង នឹងច្រៀងលេង ហើយបានទិញស្រាបៀអាន់ឈ័រ ចំនួន១០កំប៉ុងយកមកផឹក ពេលកំពុងតែផឹកស្រាបៀមិនទាន់អស់០១កំប៉ុងផង ស្រាប់តែឈ្មោះ ឃីម រដ្ឋា ភេទប្រុស (ត្រូវជាប្តី) ជនសង្ស័យបានមកដល់រួចបានយកស្រាបៀ០១កំប៉ុងមកផឹកជាមួយដែរ ។ ចំណែកជនរងគ្រោះបានយកម៉ៃក្រូហ្វូនមកច្រៀង ពេលនោះស្រាប់តែជនសង្ស័យ បានឆក់ម៉ៃក្រូហ្វូនពីដៃជនរងគ្រោះ រួចបានវាយជនរងគ្រោះចំថ្ងាស់មួយម៉ៃក្រូហ្វូន បណ្តាលឲ្យចេញឈាម រួចហើយជនរងគ្រោះបានដើរទៅផ្ទះវិញ ស្រាប់តែជនសង្ស័យដើរទៅតាមក្រោយ រួចបានច្រប៉ាច់កជនរងគ្រោះ បោចសក់ទាញផ្តួលទៅលើគ្រែ ហើយទាត់ជនរងគ្រោះមួយជើងចំកញ្ចឹងក បណ្តាលឲ្យជាំ នឹងវាយចំនួន០៦ដៃ ចំមុខនិងបែកបបូរមាត់ខាងក្រោម បណ្តាលឲ្យចេញឈាម និងបានស្ទុះទៅយកកូនប្រុសខ្លួនគំរាមរកបោកទៀតផង ។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបានគគីរ បានចុះដល់កន្លែងកើតហេតុ រួចឃាត់ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើដូចការរៀបរាប់ខាងលើប្រាកដមែន ។

បន្ទាប់មកក៏បញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់