ព័ត៌មានជាតិ

បនល្បែងជល់មាន់ នៅក្នុងបន្ទាយវរៈព្រំដែន៦០៥ ស្រុកកោះធំ កំពុងដំណើរការដោយរលូន

កណ្តាលៈ ប្រជាពលរដ្ឋបាននិយាយថា មានល្បែងជល់មាន់ដ៏ធំមួយបាននិងកំពុងដំណើរការដោយរលូន នៅក្នុងបន្ទាយវរៈព្រំដែន៦០៥ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលដំណើរការបានកើតឡើងជាង
១ឆ្នាំ មកហើយ ។

ប្រជាពលរដ្ឋអះអាងថា វង់ល្បែងជល់មាន់ដ៏ធំមួយនេះ ពីមុនភាគច្រើនជាជនជាតិវៀតណាម ចូលលេងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ស្រាប់តែជនជាតិខ្មែររាប់រយនាក់ បានសម្រុកចូលទៅលេងយ៉ាងច្រើនកកកុញ ហើយម្នាក់ៗ ឮថា ចាញ់ឈ្នះរាប់លានរៀលឯណោះ ក្នុងមួយថ្ងៃៗ។

តាមប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងបនល្បែងជល់មាន់នេះ ស្ថិតក្នុងបន្ទាយវរៈព្រំដែន ៦០៥ ដែលមានលោក លុយ ធៀម ជានាយក ស្ថិតនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

ទីតាំងនេះបានដំណើរការជាង១ឆ្នាំហើយ ដោយគេសង្ស័យមានការពាក់ព័ន្ធជាមួយអាជ្ញាធរពីឃុំ ស្រុក ខេត្ត ពីព្រោះអាជ្ញាធរណាក៏ដឹងដែរអំពីទីតាំងនេះ តែគ្មានដែលឃើញមានចំណាត់ការ។

ប្រជាពលរដ្ឋលើកឡើងថា ព្រោះតែបនល្បែងមួយនេះ ធ្វើឲ្យគ្រួសារមួយចំនួនដែលមានប្តី មានកូនចូលលេង ហើយចាញ់លុយជាបន្តបន្ទាប់ និងបង្កជាជម្លោះវាយតប់និងបែកបាក់គ្នាក៏មានដែរ ។ មិនតែប៉ុណ្ណោះ មនុស្សមួយចំនួនទៀតបានក្លាយជាចោរលួច ចោរប្លន់ ព្រោះតែចាញ់ច្រើនពេក ជំពាក់បំណុលគេ ។

ប្រជាពលរដ្ឋអំពាវនាវសុំឲ្យថ្នាក់ដឹកនាំខេត្តស្រុកមេត្តាបិទបនល្បែងជល់មាន់ខាងលើនេះជាបន្ទាន់ផង ព្រោះវាបង្កភាពអសកម្មខ្លាំងណាស់៕

photo_2016-05-14_09-40-10 photo_2016-05-14_09-40-09

មតិយោបល់