បៃលិនៈ តាមភ្នាក់ងារ Post News ប្រចាំខេត្តប៉ៃលិនបានរាយការណ៍មកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នារីវ័យក្មេងដែលកន្លងមកត្រូវពស់ចឹករងរបួសធ្ងន់មិនសង្ឃឹមថានៅរស់ ប៉ុន្តែបច្ចុប្បន្ននេះ បានជាសះស្បើយ ចេញពីមន្ទីរពេទ្យត្រលប់ទៅស្រុកកំណើតវិញហើយ។ ដោយមានការសហការព្យាបាលយ៉ាងយកចិត្តដាក់ ពីគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមន្ទីរពេទ្យធំខេត្តបាត់ដំបង។
បើតាមក្រុមគ្រូពេទ្យដែលព្យាបាលស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីវ័យក្មេងដែលមានឈ្មោះ សៀន សុភ័ក្ត្រ អាយុ២៤ឆ្នាំ និងមានប្តីឈ្មោះ ឈាង អាយុ២៥ឆ្នាំ មកស៊ីឈ្នួលចិញ្ច្រាំមើមដំឡូងមីឲ្យគេ នៅស្រុកបរវេល ខេត្តបាត់ដំបង។ ហើយត្រូវបានពស់ចឹករងរបួសធ្ងន់នាពេលកន្លងមក បានជាសះស្បើយត្រលប់ទៅស្រុកកំណើតឯស្រុកបរសេដ ខេត្តកំពង់ស្ពឺ វិញហើយ។ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញខិតខំព្យាបាលយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង១សប្តាហ៍។
តាមប្រភពពីគ្រូពេទ្យបានបន្តទៀតថា ស្ត្រីរងគ្រោះគឺពិតជាអាយុថ្លៃណាស់ អាចជាសះស្បើយ ត្រលប់ទៅចិញ្ចឹមកូនតូចៗ២នាក់ក្នុងបន្ទុកវិញ ដែលកម្រនៅមានជីវិតណាស់ ត្រូវសត្វពស់ប្រភេទពិសខ្លាំងចឹក ហើយទុករហូតដល់៧ម៉ោង ទើបដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។
សូមរំលឹកថា នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ខែមីនា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះកំពុងដេកនៅក្នុងមុងជាមួយប្តី ដោយក្រាលកន្ទេលផ្ទាល់ដី ស្របពេលដែលមេឃកំពុងភ្លៀង ស្រាប់តែមានពស់វែក១ក្បាល ប្រវែងជាង១ម៉ែត្រ ដែលអ្នកស្រុកតែងតែហៅថា ពស់ថ្នាំងអំពៅ ឬពស់ក្រាយ បានមកខាំជើងប្រពន្ធរបស់គាត់ ចំនួន២ដង។ បន្ទាប់មកប្តីរបស់គាត់ក៍ស្ទុះទៅវាយពស់នោះងាប់ ក្រោយពីវាយពស់នោះងាប់ហើយ ប្តីក៍បានសួរទៅប្រពន្ធថា តើឯងឈឺឬអត់? តែប្រពន្ធ បានឆ្លើយថាមិនឈឺទេ ទើបនាំគ្នាសម្ងំដេកបន្ត រហូតដល់ព្រឹកឡើង ស្ត្រីរងគ្រោះ មានអាការៈមិនសូវស្រួល ប្តីរបស់គាត់ក៍បានពឹងលោកមេភូមិ ដឹកប្រពន្ធរបស់គាត់តាមម៉ូតូ យកសង្គ្រោះនៅមណ្ឌលសុខភាពសុខភាព ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប៉ុន្តែដោយសារមណ្ឌលសុខភាពមិនមានថ្នាំសម្រាប់បង្សាបជាតិពិសពស់ ក៍បានបន្តបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទបង្អែកខេត្តប៉ៃលិន ហើយដោយសារអការៈស្ត្រីរងគ្រោះកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យខេត្តប៉ៃលិនក៍សម្រេចបន្តដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យធំខេត្តបាត់ដំបង។
https://youtu.be/__guiSVE47o
មតិយោបល់