ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងឥណ្ឌូនេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរជាងមុន

ភ្នំពេញ: នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក រីអាមីហ្សាដ រីអាគូឌូ (Ryamizard Ryacudu) រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១០ខែសីហានេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ឱ្យរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ កម្ពុជានិង ឥណ្ឌូនេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរជាងមុន។

តាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយជំនួបនេះ បានឲ្យដឹងថា លោក រីអាមីហ្សាដ រីអាគូឌូ បានគោរពជំរាបជូនសម្តេចតេជោថា នេះជាលើកទី៣ហើយដែលលោកបានមកទស្សនកិច្ចនៅកម្ពុជា ដែលកាលពីលើកទី១នោះគឺលោកធ្លាប់បានមកកម្ពុជានៅក្នុងសម័យអ៊ុនតាក់ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីរូបនេះ ក៏បានជំរាបជូនសម្តេចតេជោអំពីលទ្ធផលដែលលោកបានជួបជាមួយ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ដែលក្នុងនោះភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី លើវិស័យការពារជាតិ។

លោកចង់ឃើញទំនាក់ទំនងខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីកាន់តែត្រូវបានពង្រឹង និងពង្រីក ព្រោះថា កិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិនេះរវាងប្រទេសទាំងពីរ គឺមានតាំងពីរយ:ពេលជាង១០ឆ្នាំមកហើយ។ ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងពេល ដែលកម្ពុជាកំពុងស្វែងរកសន្តិភាព។ សម្តេចបានបន្តថា ពេលនោះគឺប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន នៃសន្និសីទទីក្រុងប៉ារីស។ លើសពីនេះទៀតឥណ្ឌូនេស៊ី ក៏បានចូលរួមក្នុងកិច្ចការរក្សាសន្តិភាព នាសម័យអ៊ុនតាក់ នៅកម្ពុជាផងដែរ។

នៅក្នុងជំនួបនេះដែរ ភាគីឥណ្ឌូនេស៊ី បានជំរាបជូនសម្តេចអំពីគោលបំណងចង់ឲ្យមានអនុស្សារណ:នៃការយោគយល់គ្នាមួយដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ សម្តេចតេជោ ក៏ចង់ឃើញភាគីទាំងពីរមានកិច្ចសហការគ្នាល្អ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម ដោយសម្តេចបានគាំទ្រ និងបានលើកទឹកចិត្តជំរុញឱ្យក្រសួងការពារជាតិ នៃប្រទេសទាំងពីរធ្វើកិច្ចជាមួយគ្នាជាបន្តទៀត។ សម្តេចបានមានផងដែរថា កន្លងមកនេះ មានតែប្រទេសឥណ្ឌូនេស៊ីទេ ដែលបានធ្វើការ ហ្វឹកហ្វឺន បណ្តុះបណ្តាលដល់កងទ័ពពិសេស កងអង្គរក្ស របស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ លោក រីអាមីហ្សាដ រីអាគូឌូ ក៏សន្យានឹងផ្តល់សម្ភារ:យោធា មួយចំនួនដល់ក្រសួងការពារជាតិកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាលំហសមុទ្រ តាមរយ:កិច្ចសហប្រតិបត្តិការការធ្វើសមយុទ្ធរួមគ្នា ជាដើម។

សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា នៅពេលខាងមុខនេះ គឺថ្ងៃទី១៩ខែសីហា សម្តេចនឹងដឹក នាំគណ:ប្រតិភូទៅទស្សនកិច្ចនៅប្រទេសទីម័រខាងកើត ដែលចំពេលខួបលើកទី៤៦ នៃកំណើតកងទ័ពរបស់ទីម័រខាងកើត។ ដូច្នេះ សម្តេចបានសូមកុំឱ្យមានការយល់ច្រទ្បំ ព្រោះប្រទេសកម្ពុជា ក៏ដូចឥណ្ឌូនេស៊ីដែរ សុទ្ធតែបានគាំទ្រសមាជិកភាពរបស់ទីម័រខាងកើតចូលជាសមាជិកអាស៊ាន៕

photo_2016-08-10_19-47-34

photo_2016-08-10_19-47-37

មតិយោបល់