កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូម៉ាកស៊ុយសាគីស្មាស់មួយគ្រឿង បើកទៅបុករថយន្តសណ្តោងគ្រឿងចក្រ បណ្តាលឲ្យគៀបម៉ូតូជាប់រថយន្ត ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-4784 បើកបរដោយឈ្មោះ នួន សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់នឹងកន្លែង) បើកបរក្នុងទិសដៅពីកើតទៅលិច រួមដំណើរជាមួយឈ្មោះ នី ភេទស្រី អាយុ២៨ឆ្នាំ នៅខេត្តកំពង់ធំ (រងរបួសធ្ងន់) លុះបានមកដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយរថយន្តសណ្ដោងរម៉កដឹកគ្រឿងចក្រ បើកបរដោយមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងទិសដៅពីកើតទៅលិចពេញទំហឹងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/5OcZ1ESm0I8
មតិយោបល់