ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ ( ស្រី ១នាក់) រងរបួសធ្ងន់ ១០នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ៧នាក់ ( ស្រី ២នាក់ ) (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១០ ខែមិថុនា ដល់ម៉ោង ១៤ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២៦គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ១០គ្រឿង និថរថយន្តធុនធំ ចំនួន ១គ្រឿង។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ២នាក់), មិនប្រកាន់ស្តាំ ៣លើក ( ស្លាប់ ១នាក់ ), បត់គ្រោះថ្នាក់ ៣លើក ( ស្លាប់ ១នាក់ ) ,ស្រវឹង ១លើក និងមិនគោរពសិទ្ធិ ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៨នាក់ ( យប់ ១៣នាក់ )។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៣លើក និងផ្លូវខេត្ត ក្រុង ចំនួន៩លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក និងរថយន្តធុនតូច ៦លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តសៀមរាប ២លើក ស្លាប់ ២នាក់ របួស ១នាក់ ខេត្តកោះកុង ៣លើក ស្លាប់ ១នាក់ របួស ៦នាក់ (ស្រី ១នាក់) និងខេត្តកំពង់ចាម ១លើក ស្លាប់១នាក់។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៧៣៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១១៥១គ្រឿង និងពិន័យសរុប ១៥៨៤គ្រឿង៕
មតិយោបល់